ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីចាប់កូនស្រីខ្លួនឯងគំរាមសម្លាប់ ក្រោយពីកើតជម្លោះរវាងប្តី នឹងប្រពន្ធ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៣៩នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បុរសជាឪពុកឈ្មោះ សាំង វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានប្រពន្ធឈ្មោះ នាង ភ័ស្ត អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ តាមមុខរោងចក្រ មានស្រុកកំណើត ភូមិល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។
តាមការបកស្រាយស្រី្តជាប្រពន្ធបានឲ្យដឹងថា ខ្លួនរៀបការជាមួយបុរសខាងលើជាង៣ឆ្នាំមកហើយ ក្នុងរបរ លក់ខោអាវនៅតាមមុខរោងចក្រ មានកូនស្រីម្នាក់ អាយុ៨ខែ តែដោយសារការរស់នៅជាមួយគ្នា ប្តីតែងតែប្រើអំពើហិង្សា ផឹកស្រវឹងរករឿង ចោទខ្លួនថា មានប្រុសឈ្មោល គ្មានហេតុផល មួយថ្ងៃៗ ដើរដឹកខោអាវលក់តាមរោងចក្រ ទីប្រជុំជន រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ បែរជាប្តី ចោទ វាយ ធ្វើបាបឥតត្រាប្រណី ថា មានសហាយទៅវិញ ដោយទ្រាំនូវទារុណកម្ម ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ លែងបាន សាច់ញាតិឲ្យចាកចេញ ទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយរយៈ លុះមកដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ទឹកចិត្តប្រពន្ធ ក្រោយពីប្តីចិត្តខ្មៅ ហៅផ្តាំឲ្យយកកូនមកលេង មិនដឹងគម្រោងផែនការ រៀបគ្រោងទុកពីពេលណា លុះមកដល់ បានកូនដល់ដៃហើយ បែរជាបង្កបញ្ហា ឈ្លោះរករឿងប្រពន្ធ គំរាមប៉ុនប៉ងសម្លាប់កូនស្រីចោល អ្នកមកឈឺឆ្អាល ស្រែកឡូឡាពេញភូមិ ។
ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅអន្តរាគមន៍ អស់រយៈពេលជាច្រើនម៉ោង គំរាមទាំងអ្នកសារព័ត៌មាន ទីបំផុតពេលជនល្មើសអង្គុយភ្លេចខ្លួន ត្រូវបានកម្លាំងប៉ូលិស ស្ទុះចាប់ក្រៀក ជនសង្ស័យ ព្យាយាមច្របាច់កកូនស្រីបម្រុងសម្លាប់ចោល តែមិនបានសម្រេច កម្លាំងនគរបាល ប្រតាយប្រតប់ដណ្តើមយកកូនស្រីចេញពីកណ្តាប់ដៃ ឪពុកចិត្តតិរិច្ឆាន រួចផុតពីគ្រោះថ្នាក់ ។
តាមសម្តីជនដៃដល់វិញ បានឲ្យដឹងថា ប្រពន្ធខ្លួនមានសហាយ ទើបរូបគេខឹង ប៉ុនប៉ងសម្លាប់ចោលទាំងម្តាយ ទាំងកូន គំរាមទាំងប៉ូលិសកាលបើចូលមកជួយ រូបគេសុខចិត្តប្តូរជីវិត ។
ក្រោយពីចាប់ខ្លួន ជនល្មើសបាន កូន និងប្រពន្ធរងគ្រោះ ក៏រួចផុតពីគ្រោះថ្នាក់ ប៉ូលិសចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី៕ សុខាសែនជ័យ