ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញឈើវៀតណាម ង្វៀង ធីម៉ៃ ដែលទើបចេញពីពន្ធនាគារត្រូវឃាត់ខ្លួនម្តងទៀត

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ ឈ្មួញឈើគ្រញូងដ៏ល្បី ឈ្មោះ ង្វៀង ធីម៉ៃ ប្រចាំនៅទិសទី២ សមរភូមិមុខស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលទើបតែចេញ ពីពន្ធនាគារខេត្តកំពង់ធំបានប៉ុន្មានថ្ងៃសោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកទី២ ទៀតហើយ បន្ទាប់ពីរកស៊ីឈើខុសច្បាប់ ។

ប្រតិបត្តិការបង្ក្រាបបទល្មើព្រៃឈើនេះដឹកនាំចុះបង្ក្រាបដោយ លោក កូយកាន យ៉ា ព្រះអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ០២១៧ ស្ថិតនៅទីតាំងឃាំងស្តុកឈើ មួយកន្លែង នៅក្នុងភូមិមួយរយប្រាំ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ង្វៀង ធីម៉ៃ របស់លោក ទ្រី សុភក័ អនុប្រធាន និងជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ គឺធ្វើឡើងដោយយោងលើសុំណុំរឿងព្រហ្មទណ្ឌលេខ១០៦ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចឃាត់ខ្លួនឈ្មួញឈើគ្រញូងរូបនេះ។ ក្រោយពីមានការឃាត់ខ្លួនឈ្មួញឈើខាងលើ សមត្ថកិច្ចបានបានរឹបអូសបាននូវវត្ថុតាងរួមមាន រថយន្ដចំនួនពីរគ្រឿង ក្នុងនោះមានរថយន្ដម៉ាក ហាយឡិនឌ័រ មួយគ្រឿង និងរថយន្ដម៉ាក កាមរីឆ្លាម មួយគ្រឿង បូករួមនិងឈើគ្រញូងដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ រីឯជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ សហការី


ចែករំលែក៖