ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាបុរី១០០ខ្នងឆក់ខ្សែកមិនបានហើយរត់មិនរួចកម្លាំងសន្តិសុខផ្សារ និងសមត្ថកិច្ចឃាត់ជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកស្ត្រី២នាក់ ម្តាយកូន ខណៈកំពុងដើរតាមផ្លូវមិនបានសម្រេចត្រូវបានជនរងគ្រោះស្រែកថា ចោរៗក៏ត្រូវបានកម្លាំងសន្តិសុខផ្សារ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនបានខាងលើមានឈ្មោះ ពេជ្រ ភូមិនុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ បុរី១០០ខ្នង មានទីលំនៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ២នាក់ម្តាយកូន ដើរថ្មើរជើង មុខផ្សារ សុិនជូរី ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមាន៣នាក់ ជិះម៉ូតូ២គ្រឿង និចមួយគ្រឿង ជិះគ្នា២នាក់ សេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GK-4026 ជិះដោយជនសង្ស័យខាងលើ ជិះម៉ូតូពីលិចទៅកើត ដល់ទន្ទឹមនឹងជនរងគ្រោះ ជនសង្ស័យ ជិះម៉ូតូ សេ១២៥ សេរី២០១៥ ធ្វើសកម្មភាព ឆក់យកខ្សែកជនរងគ្រោះ តែមិនបានសម្រេច ដោយសារជនរងគ្រោះចាប់ក្តោបក អាវជាប់ ស្រែកចោរៗ ផ្អើលសន្តិសុខ និងសមត្ថកិច្ច ប្រចាំការក្បែរនោះ ដេញតាម ជនសង្ស័យភ័យបើកម៉ូតូរត់ ទៅដល់ កែងផ្លូវ ហាងរតនៈស្រីម៉ៅ ផ្តួលម៉ូតូប៉ុនប៉ងរត់គេច តាមទាន់ក្របួចជាប់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ សាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖