ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅស្រុកត្បូងឃ្មុំបានខ្សឹបប្រាប់ថា សង្វៀនបញ្ជល់មាន់ បង្កប់ដោយវង់អាប៉ោងក្នុងចម្ការចំប៉ីមួយកន្លែងនៅភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ដែលបើកដំណើរការលេងជាច្រើនខែមកហើយនោះមិនត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរមានវិធានការបង្ក្រាបទាល់តែសោះ។ ប្រភពដដែលបានបញ្ជាក់ថា មិនត្រឹម តែមិនបង្ក្រាបនោះទេតែក៏មានវត្តមានកម្លាំងប្រដាប់អាវុធមួយចំនួនស្លៀកពាក់ស៊ីវិលចូលទៅលេងល្បែង និងយកលុយពីម្ចាស់វង់ល្បែងខាងលើនេះផងដែរ។
អ្នកលេងល្បែងម្នាក់បានបង្ហើបថា ទំនងជាម្ចាស់សង្វៀនឈ្មោះ ទ្រី និងឈ្មោះធា សូកប៉ាន់ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានហើយទើបបើកលេងដោយរលូនយ៉ាងដូច្នេះ។ ប្រភពដដែលបានបញ្ជាក់ថា ម្ចាស់សង្វៀនបញ្ជល់មាន់ដែលមានទាំងការលេងល្បែងអាប៉ោង និងបៀផងនោះមានឥទ្ធិពលខ្លាំងណាស់ ព្រោះត្រឹមនគរបាលប៉ុស្តិ៍គឺមិនហ៊ានប៉ះពាល់ពួកគេឡើយបានត្រឹមតែជិះម៉ូតូទៅក្រវែល ហើយឈ្មោះ ទ្រី និងឈ្មោះ ធា ហុចលុយប៉ុន្មានម៉ឺនរៀលក៏កម្លាំងជំនាញទាំងនោះចេញទៅវិញបាត់ទៅ ។
ប្រភពពីពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា សង្វៀនបញ្ជល់មាន់មានដល់ទៅ២កន្លែងនៅក្នុងភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ គឺគេលេងម្តងនៅត្រង់នេះម្តងនៅ ត្រង់នោះផ្លាស់ប្តូរមួយថ្ងៃម្នាក់ ហើយបើនិយាយពីកន្លែងលេងនៅក្នុងភូមិជិតដល់ព្រំ ប្រទល់ជាប់នឹងស្រុកអូររាំងឪនោះមានក្រុមអ្នកញៀនល្បែងជាច្រើន ក្នុងនោះអ្នកមកពី ស្រុកអូររាំងឪ និងមកពីខេត្តព្រៃវែងនាំគ្នាស្កាត់មកលេងល្បែងផងដែរ។ ប្រភពដដែល បានបញ្ជក់ថា អ្នកលេងល្បែងខ្លះមានវេចលុយយកមកពីផ្ទះរាប់លានរៀលក៏មាន ដែលអ្នកខ្លះជាអាជីវករ និងអ្នកខ្លះក៏ជាអ្នកធ្វើស្រែចម្ការ ហើយក្រុមអ្នកលេងល្បែង ទាំងនោះតែងមកជាក្រុមៗតាមម៉ូតូ និងរថយន្ត ។
វង់ល្បែងស៊ីសងនៅក្នុងស្រុកត្បូងឃ្មុំនេះត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានបញ្ជាក់ថា កំពុងពង្រីកសកម្មភាពរបស់ខ្លួន ខណៈចំនួនអ្នកចូលមកលេងអាប៉ោងនិងបញ្ជល់មាន់ជាដើមនោះក៏កំពុងមានការកើនឡើងជាបន្តបន្ទាប់ ពិសេសអ្នកមកពីខេត្ត ព្រៃវែង។ ប្រភពដដែលបានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចខេត្តចុះមកបង្ក្រាប ព្រោះបើសង្ឃឹមទៅលើសមត្ថកិច្ចថ្នាក់ស្រុកមិនងាយទេ ហើយបើបណ្តែតបណ្តោយបន្ត ទៀតផលប៉ះពាល់នឹងមានកាន់តែខ្លាំង ព្រោះល្បែងស៊ីសងគ្មានប្រយោជន៍ដល់សង្គមជាតិនោះទេ ៕