ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បានបើកលឿនជ្រុលបុកម៉ូតូស៊ុយសាគីពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិបឹងព្រៃ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះប៊ន សុខឡៃ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិរកាធំ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយសាគី ហាយយ៉ាតេ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រុង ព្រះសីហនុ 1A 9157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូច ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3A 2760 ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ។

ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ តែដោយរងរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយត្រូវបានក្រុមគ្រូពេទ្យដឹកយកមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោកវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សុខាសែនជ័យ


ចែករំលែក៖