ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយកអាវចងកសម្លាប់ខ្លននៅលើផ្ទះរបស់ខ្លួនក្រោយត្រឡប់ពីផឹកស្រាស្រវឹងហើយមានទំនាស់ក្នុងគ្រួសារបោកចាន បោកឆ្នាំង ព្រោះឪពុកមិនឲ្យទៅខ្ចីទូកគេដើម្បីជិះទៅបង្កៃសន្ទូច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកតាឃិន ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ឆុន ឆេន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ( ជាមនុស្សញៀនស្រា ) មានទីលំនៅៗភូមិ ឃុំ កើតហេតុ។
តាមការបញ្ជាក់ពីឈ្មោះ ឈឺន ឆុន ភេទប្រុស អាយុ ៥៦ ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានបំភ្លឺជូនសមត្ថកិច្ចថាៈ រយៈកាលកន្លងមកកូនរបស់គាត់ឈ្មោះ ឆុន ឆេន នេះជាមនុស្សញៀនស្រា ហើយក្រោយពីផឹកស្រា ស្រវឹងម្តងៗ ពេលមកដល់ផ្ទះ កូនរបស់គាត់តែងតែបង្ករករឿងគាត់ជាឪពុក និងម្តាយ ហើយបានប្រើអំពើហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ទោះជាគាត់ព្យាយាមអប់រំណែនាំ ក៏កូនរបស់គាត់មិនស្តាប់តាមការអប់រំណែនាំ របស់គាត់ដែរ ។
លុះនៅថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៣០នាទី កូនរបស់គាត់ ឈ្មោះ ឆុន ឆេន ក្រោយពីមកពីផឹកស្រា ស្រវឹង មកដល់ផ្ទះ បានប្រាប់គាត់ជាឪពុកថាៈ គេទៅខ្ចីទូករបស់គេទៅបង្កៃសន្ទូច ដោយគាត់ឃើញស្ថានភាពកូនរបស់គាត់ស្រវឹងស្រា គាត់ក៏ប្រាប់ទៅកូនថាៈ ឯងស្រវឹងហើយ មិនបាច់ទៅបង្កៃសន្ទូចទេ បើចង់ទៅៗដើទៅ មិនបាច់ទៅខ្ចីទូកគេទេ បន្ទាន់គ្នានោះ កូនរបស់គាត់ឆ្លើយតបនឹងគាត់ថា: រូបគេអី ក៏ថោកម្ល៉េះ គ្រាន់តែខ្ចីទូកគេទៅបង្កៃសន្ទូច ក៏មិនបានដែរ ភ្លាមនោះ កូនរបស់គាត់ក៏ស្ទុះទៅទាញចាន ឆ្នាំងយកមកបោកចោល តែត្រូវគាត់ឃាត់មិនឲ្យបោកចាន ឆ្នាំង ។
ប្រភពបន្តទៀតថា ក្រោយមកកូនរបស់គាត់គេក៏ដើរឡើងទៅលើផ្ទះ មួយសន្ទុះ ក្រោយមក ដោយស្ងាត់កូនរបស់គាត់យូរគាត់ នឹកស្មានថា គេស្រវឹងស្រា ដេកលក់ គាត់ជាឪពុកក៏ឡើងលើផ្ទះទៅមើលកូន ក៏ឃើញកូនរបស់គាត់ បានធ្វើអត្តឃាត យកអាវខ្លួនឯង ចងក នឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចគាត់ក៏បានហៅបង ប្អូន ជិតខាងមកជួយស្រាយចំណងដាក់ចុះ រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ។
ក្រោយមក ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ និងក្រុមគ្រួសារសព ដើម្បីពិនិត្យសាកសពជនរងគ្រោះឃើញថាៈ ជនរងគ្រោះ មានស្លាកស្នាម លើគ្រាប់ពោន ក ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ស្នាមជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងករណីផ្សេងឡើយ គឺពិតជាធ្វើ អត្តឃាត( ចងក) ប្រាកដមែន ។
ក្រោយការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណី ៕