ភ្នំពេញ៖ សំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨ នឹងត្រូវតុលាការកំពូល ជំនុំជម្រះនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះ កាត់ទោសលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ និង កូនចៅ ។
ប្រភពព័ត៌មានច្បាស់ការណ៍មួយបញ្ជាក់ថា សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឌុច គឹមសន ជាតំណាងមហាអយ្យការ ។
ជនជាប់ចោទក្នុងរឿងក្ដីនេះមានបីនាក់ គឺ លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក លី រ៉ាស៊ី អតីតអនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង លោក ផេង ផៃ ជាប៉ូលិសធម្មតា ។
រឿងក្ដីនេះ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសក្រុមជនជាប់ចោទដាក់ពន្ធនាគារចន្លោះពី១៦ឆ្នាំទៅ១៨ឆ្នាំនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមការចោទប្រកាន់ពីបទ”ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន”ប្រព្រឹត្តនៅចំណុចវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨។
តាមអង្គហេតុ គឺ កាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៨ មានជនប្រដាប់អាវុធពីរនាក់ បាញ់ប្រហារលើឧកញ៉ាថុង អ៊ុយប៉ាង ក្នុងកម្មវិធីបុណ្យនៅវត្ត ទឹកថ្លា ត្រូវចំពីរគ្រាប់របួស តែអង្គរក្សលោកបានបាញ់តត្រូវជនល្មើសមួយគ្រាប់របួសដៃឆ្វេង។ ក្រោយមក ជនល្មើសត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ។
មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្នលោកហេង ពៅ មានទោសសរុបចំនួន១០៣ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
ជាការកត់សម្គាល់ គ្រប់ដំណាក់កាលទាំងអស់ លោក ហេង ពៅ តែងតែបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ៕ ចេស្តា