ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ ៖​ ថ្ងៃ​២៩ វិច្ឆិកា​ តុលាការ​កំពូល​ កាត់ទោស​លោក​ហេង​ ពៅ​​

ចែករំលែក៖

ភ្នំពេញ​៖ សំណុំរឿង​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ កាលពី​ឆ្នាំ​១៩៩៨​ នឹង​ត្រូវ​តុលាការ​កំពូល​ ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ កាត់​ទោស​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ។​

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បញ្ជាក់​ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឌុច​ គឹមសន​ ជា​តំណាង​មហា​អយ្យការ​ ។

ជនជាប់ចោទ​ក្នុង​រឿង​ក្ដី​នេះ​មាន​បី​នាក់​ គឺ​ លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ លោក​ លី​ រ៉ាស៊ី​ អតីត​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ លោក​ ផេង​ ផៃ​ ជា​ប៉ូលិស​ធម្មតា​ ។

រឿង​ក្ដី​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ក្រុម​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៦ឆ្នាំ​ទៅ​១៨ឆ្នាំ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប៉ុនប៉ង​សមគំនិត​ឃាតកម្ម​គិត​ទុក​ជា​មុន​”​ប្រព្រឹត្ត​នៅ​ចំណុច​វត្ត​ទឹក​ថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ កាលពី​ថ្ងៃទី​០៨​ ខែ​មិថុនា​ ឆ្នាំ​១៩៩៨។

តាម​អង្គ​ហេតុ គឺ​ កាល​ពី​ព្រឹ​កថ្ងៃ​ទី​០៨​ ខែ​មិថុនា ឆ្នាំ​១៩៩៨ មាន​ជន​ប្រដាប់​អាវុធពីរ​នាក់ បាញ់​ប្រហារ​លើ​ឧកញ៉ា​ថុង អ៊ុយប៉ាង ក្នុង​កម្មវិធី​បុណ្យ​នៅ​វត្ត ទឹក​ថ្លា ត្រូវ​ចំពីរ​គ្រាប់​របួស​ តែ​អង្គរក្ស​លោក​បាន​បាញ់​ត​ត្រូវ​ជន​ល្មើសមួយ​គ្រាប់​របួស​ដៃ​ឆ្វេង​។​ ក្រោយ​មក​ ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជាបន្តបន្ទាប់​ ។

មន្ត្រី​តុលាការ បញ្ជាក់ថា បច្ចុប្បន្ន​លោក​ហេង ពៅ មានទោស​សរុប​ចំនួន​១០៣​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើន​សុទ្ធតែ​រឿងក្តី​ធំ ពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព និង ប៉ុនប៉ង​បាញ់សម្លាប់​លោក អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា​អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍។

ជាការ​កត់សម្គាល់ គ្រប់​ដំណាក់កាល​ទាំងអស់ លោក ហេង ពៅ តែងតែ​បដិសេធថា ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ៕ ចេស្តា​


ចែករំលែក៖