ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តរតនគិរីឃាត់ខ្លួនជនសង្ស័យ២នាក់រឹបអូសថ្នាំញៀន៣ថង់ធំនិង៨ថង់តូច

ចែករំលែក៖

ខេត្តរតនគិរីៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាន ចាប់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ ឡាយ ពិសិដ្ឋ ហៅម៉ាប់ ភេទប្រុស អាយុជាង២០ឆ្នាំនិង ទី២-ឈ្មោះ ម៉ាត់ លីន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅបច្ចុប្បន្ន ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរ យកភាស៊ីបេនរថយន្តក្រុងបានលុងជាមេខ្លោង ។

ក្រោយការឃាត់ខ្លួន កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ម្សៅពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ៣ថង់ធំ នឹង៨ថង់តូច ទំម្ងន់៦,៣៥ក្រាម, ម៉ូតូ២គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួន និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធី ៕ សហការី]


ចែករំលែក៖