ខេត្តកណ្ដាល៖ បុរសម្នាក់ម្នាក់ស្លាប់ក្នុងទឹកប្រឡាយយ៉ាងអាណោចអាធ័ម ខណៈបុរសរួបនេះប្រើប្រាស់ឧបករណ៍ទៅឆក់ត្រី តែខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ជីងឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់លោក ពុំ សឿន ត្រូវជាឪពុកជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះត្រូវជាកូនរបស់គាត់ដើរចេញពីផ្ទះទៅឆក់ត្រីក្នុងប្រឡាយអុងកូជាប្រចាំ លុះមកដល់ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កូនរបស់គាត់បានទៅឆក់ត្រីមិនឃើញត្រឡប់មកវិញក៏មានការងឿងឆ្ងល់ហេតុអ្វីបានជាស្មើនឹង ហើយមិចក៏យូរម្លេះ ដោយចាំយូរៗមិនឃើញ ក៏ដើររកមើលនៅចំណុចប្រឡាយស្រាប់តែឃើញជនរងគ្រោះជាកូនរបស់គាត់បានដេកស្លាប់ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួន បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងមកជួយយកមកផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរដើម្បីចុះមកធ្វើការពិនិត្យ ។
ក្រោយពីធ្វើការពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សឿន ជីងឡុង ពិតជាស្លាប់ដោយសារឧបករណ៍ឆក់ត្រីដោយប្រើប្រាស់ខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកមែន ពុំមានជាប់ពាក់ព័ន្ធទៅនិងបទល្មើសអ្វីផ្សេងឡើយ ។
ចំណែកឯសាកសពត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ