ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបត់មិនបើកភ្លើងស៊ីញ៉ូបង្កឲ្យរថយន្តតូចមកបុក មនុស្ស២នាក់រងរបូស

ចែករំលែក៖

ប៉ោយប៉ែត៖ រថយន្តធំក្រុមហ៊ុនរាជសីហ៍ឡូជីស្ទីកចេញ ចូលមិនបើកភ្លើងស៊ីញ៉ូធ្វើឲ្យរថយន្តតូចបុកខ្ទាតធ្លាក់ប្រឡាយ ម្ចាស់រថយន្តតូចរងរបួសស្រាល ពីរអ្នកប្ដីប្រពន្ធមិនបង្កគ្រោះថ្នាក់ដល់ជីវិត ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខផ្លូវចូលអាងអូរខៃដន ឋិតក្នុង ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចរាចរណ៍ក្រុងប្រាប់ថា មុនពេលកើតហេតុ រថយន្តបង្កធុនធំម៉ាក FUSO ពាក់ស្លាកលេខ កំពង់ធំ 3A-1166 ពណ៌ប៉ៃតង បានថយចេញពីឃ្លាំងមួយកន្លែងបម្រុងទៅឃ្លាំងមួយទៀត ដល់ចំណុចកើតហេតុ រថយន្តធុនធំបត់ស្តាំ មិនបានបើកភ្លើងស៊ីញ៉ូធ្វើបម្រុងរថយន្តធុនតូច បើកបរពីលិចទៅកើត ស្របទិសគ្នា បុករថយន្តធំចំមុខផ្នែកខាងស្តាំ បណ្តាលឲ្យរថយន្តតូចខ្ទាតធ្លាក់ប្រឡាយខូចខាតធ្ងន់ រីឯរថយន្តធុនធំខូចខាតផងដែរ។ ចំណែកអ្នកបើករថយន្តតូចពីរអ្នកប្ដីប្រពន្ធរងរបួសស្រាល។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលបើករថយន្តធុនតូចម៉ាក FORTERNER ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5170 ឈ្មោះ ស៊ុំ បូ ភេទប្រុស អាយុ៤៥ឆ្នាំ(រងរបួសស្រាល) រួមដំណើរដោយប្រពន្ធឈ្មោះ តាន់ ស៊ីវធី អាយុ៤៣ឆ្នាំ អ្នកទាំងពីរ ធ្វើការនៅកាស៊ីណូផ្កាយ៥។ ចំណែកអ្នកបើកបររថយន្តបង្កធុនធំ បន្ទាប់ពីកើតហេតុ ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចណ៍ក្រុងប៉ោយប៉ែត ចុះទៅពិនិត្យ និងវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំការដោះស្រាយ ៕ វណ្ណា


ចែករំលែក៖