ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនទៅលើវិស័យសំណង់ ក្នុងនោះបញ្ហាប្រឈមនិង គ្រោះថ្នាក់ការងារវិស័យនេះក៏មានអត្រាខ្ពស់។ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយជាថវិកាប្រមាណជាង ០១ដុល្លារអាមេរិក សម្រាប់គម្រោងសុវត្ថិភាពផ្នែកសំណង់នៅកម្ពុជាដោយនឹងរួមចំណែកជួយដល់កម្មករ ផ្នែកសំណង់កាត់បន្ថយគ្រោះថ្នាក់ការងារ។ នេះយោងតាមការលើកឡើងរបស់ប្រធាននាយកដ្ឋានពេទ្យការងារ។
ក្រោយជំនួបពិភាក្សាការងារ រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សូ ស៊ូដូ (Sho Sudo) មន្រ្ដីសម្របសម្រួល និងជា ប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង “ការលើកកម្ពស់ស្ដង់ដាសុខភាពនិងសុវត្ថិភាពការងារ (OSH) ក្នុង វិស័យសំណង់នៅកម្ពុជា កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ នៅទីស្តីការក្រសួង លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដោយមើល ឃើញពីហានិភ័យលើវិស័យសំណង់ទើបរដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយនេះ ដែលនឹងផ្តល់ជាវគ្គបណ្តុះ បណ្តាលដល់កម្មករឲ្យបានយល់អំពីសុវត្ថិភាពសំណង់ និងមួយទៀតគឺផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តី អធិការកិច្ចដែលដើរតួនាទីជាអ្នកអនុវត្តន៍ច្បាប់ក្នុងការជំរុញការអនុវត្តន៍ច្បាប់លើផ្នែកសុវត្ថិភាពសំណង់ ផងដែរដើម្បីឲ្យគាត់ស្វែងយល់អំពីសុវត្ថិភាពនេះឲ្យជួយដល់ការដ្ឋានសំណង់។
សូមបញ្ជាក់ថា ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរកម្ពុជានិងជប៉ុន អះអាងថានឹងជំរុញ និងគាំទ្រលើ សុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់ឲ្យមានគោលដៅមួយចំនួន ដើម្បីលើកកម្ពស់ សុខភាព សុវត្ថិភាពការងារជូនដល់កម្មករបម្រើការងារក្នុងវិស័យសំណង់កាន់តែល្អប្រសើរនា ពេលខាងមុខ។ គួររម្លឹកទៀតថា នេះជាគម្រោងលើកទី២ហើយរបស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីគម្រោងទី០១បានជួយទៅលើ ផ្នែកខាងសុវត្ថិភាពទូទៅប្រព័ន្ធគ្រប់គ្រងសុខភាពសុវត្ថិភាពការងារ ដូចជា៖ សុវត្ថិភាពគីមី, សារជាតិគីមីដែល គ្រោះថ្នាក់។ គិតមកដល់ពេលនេះកម្មករបម្រើការងារខាងផ្នែកសំណង់មានចំនួនសរុបប្រមាណ២០ម៉ឺននាក់៕ ស តារា