ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិកប្រកាសផ្តល់ថវិកាសំរាប់ការដោះមីនតាមរយះការប្រកួតប្រជែង

ចែករំលែក៖

ស្ថានទូតអាមេរិកនៅភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន ២ លានដុល្លា ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា សំរាប់ឆ្នាំសារពើពន្ធ ២០១៨ – ២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះសំរាប់ឆ្នាំទី ២ ទៀត។ ដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើបច្ចេកវិជ្ជាទំនើបបំផុត សំរាប់ដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីធ្វើអោយផ្ទៃដីមានសុវត្ថិភាពសំរាប់ការធ្វើស្រែចំការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។

លោកឯកអគ្គរដ្ឋទូតអាមេរិកHeidt បានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកបានជួយដល់ការដោះមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃសម័យសង្គ្រាម។ ការផ្តល់ថវិកាថ្មីនេះគឺជាការបន្តនៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយក្នុងការបោសសំអាតកាកសំណល់នៃសង្គ្រាម។ យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បីអោយមកជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា”។

កាលបរិច្ឆេតនៃការទទួលពាក្យសុំគឺថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨។ ចំពោះព័ត៌មានបន្ថែមស្តីពីការការផ្តល់ថវិកានេះ សូមចូលមើលគេហទំព័រនេះhttps://www.grants.gov/web/grants/view-opportunity.html?oppId=298764។

សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លាមកហើយ នៅក្នុងរយៈពេល ២ ទសវត្សកន្លងទៅនេះ ដើម្បីរកមើលនិងដោះចេញ មិនត្រឹមតែយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសចិន វៀតណាម និងអតីត សហភាពសូវៀតផងដែរ នៅតាមតំបន់ដទៃទៀតនៃប្រទេសកម្ពុជា ដែលបណ្តាលអោយមានការស្លាប់និងរបួសចំនួនប្រហែល ៩០% នៃការស្លាប់និងរបួសដែលបណ្តាលមកពីកាកសំណល់នៃសង្គ្រាម៕

 


ចែករំលែក៖