ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាចេញពីក្លិបរាំលេងកម្សាន្ត ស្រាប់តែប្រទះក្រុមចោរប្លន់ប្រដាប់អាវុធដេញកាប់យកម៉ូតូម៉ាក MSX បាត់។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចពន្លឺ វ៉ាពេជ្រទទួលផ្ញើរថយន្ត និងម៉ូតូ ២៤ម៉ោង តាមបណ្តោយផ្លូវ២០១១ ជិតថ្នល់រថភ្លើង ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះម្ចាស់ម៉ូតូ ឈ្មោះ ប៊ីន ម៉ានី ហៅអាខ្មៅ អាយុ១៩ ឆ្នាំ មុខរបរកម្មសំណង់ ស្នាក់នៅការដ្ឋានសំណង់ ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ភូមិគគីសោម ឃុំគគីសោម ស្រុក កំពោតទូក ខេត្តព្រៃវែង។ ម៉ូតូដែលជនសង្ស័យវាយកាប់ប្លន់ម៉ាក MSX ពណ៌លឿង អ៊ុតពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FO-7142 ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងមិត្តភក្តិរួមការងារម្នាក់ បាននាំគ្នាទៅលេងក្លិប អាវ៉ាឡូនក្លិបនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បន្ទាប់មកពួកគាត់បានត្រឡប់មក ការដ្ឋានសំណង់វិញ លុះបើកមកជិតដល់ចំណុចកើតហេតុ នៅមុនក្លិប រីលិក្ស ផ្លូវ២០១១ស្រាប់តែមាន ឃើញជនសង្ស័យមានគ្នា ៦នាក់ជិះម៉ូតូ ៣គ្រឿង ម៉ាក់ស្មាសវីមួយគ្រឿង និងម៉ាកសង់២គ្រឿង ប្រដាប់ដោយដាវមួយដើម និងកាំបិតបុ័ងតោមួយ បានជិះដេញពួកគាត់មកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានទាញកាំបិតបុ័ងតោបានកាប់២កាំបិត ចំដៃខាងឆ្វេងនិងចំចង្កេះផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួធ្ងន់ ហើយជនសង្ស័យម៉ូតូមួយទៀត បានទាញដាវមកកាប់អ្នកបើកបរម៉ូតូ តែជនរងគ្រោះឃើញទាន់បានផ្តួលម៉ូតូរត់ ត្រូវជនសង្ស័យលើកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបងប្អូនដឹកនឹងម៉ូតូយកទៅសង្គ្រោះភ្លាមៗ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូវិញ បានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្ត នគរបាល សង្កាត់កាកាប១ ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ