ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាវាយកូនបាល់គ្រោងរៀបចំប្រកួតជើងឯកថ្នាក់ជាតិនៅពាក់កណ្តាលខែធ្នូ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាគ្រោងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួននៅពាក់កណ្តាល ខែ ធ្នូ ដើម្បីស្វែងរកកីឡាករ-ការិនីឆ្នើមហ្វឹកហាត់ជាកីឡាជម្រើសជាតិប្រចាំសហព័ន្ធត្រៀមការប្រកួតកម្រឹតជាតិ និងអន្តរជាតិ ។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់របស់សហព័ន្ធវាយកូនបាល់កម្ពុជាបានឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ដណ្តើមពានរង្វាន់ជើងឯកថ្នាក់ឆ្នាំនេះ សហព័ន្ធគ្រោងរៀបចំរយៈពេល៥ថ្ងៃ គឺពី ថ្ងៃ ទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ មាន៤វិញ្ញាសា ក្នុងនោះ វិញ្ញាសា ប្រកួតឯកក្តជនបុរស វិញ្ញាសាប្រកួតឯកកត្តជនយុវជនអាយុក្រោម១៨ឆ្នាំ វិញ្ញាសាប្រកួតវាយគូរបុរសយុវជនអាយុក្រោម១៨ និង វិញ្ញាសាប្រកួតឯកក្តជននារី ។

លោក បន្តថា ជារៀងរាល់ឆ្នាំសហ័ន្ធតែងតែរៀបចំការប្រកួតនេះឡើងក្នុងគោលដៅចំរាញ់ រកកីឡាករ-កីឡាការិនីវ័យក្មេងយកមកបណ្តុះបណ្តាលបំប៉នសមត្ថភាពនិងបច្ចេកទេសឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ ។

លោក លើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លិប សហមាគមនចូលរួមច្រើនជាងឆ្នាំកន្លងទៅ ព្រមទាំងកីឡាករ-កីឡាការិនីក៏មានការកើនឡើងដែរ។ ត្បិតសេចក្តីប្រកាសព័ត៌មានបានបញ្ជូនទៅដល់ក្លិបតាមបណ្តា រាជធានី ខេត្តអស់ហើយដែរ ។ លោក បញ្ជាក់ថា គិតត្រឹមថ្ងៃ ទី២៣ ខែ វិច្ឆិកាឆ្នាំ២០១៧ មានក្លិបចំនួន៥បានបញ្ជូនឯកសារអត្តពលិក មកដល់ដៃមន្រ្តីសហព័ន្ធរួចហើយ គឺក្លិបនៅតាមបណ្តាលខេត្តចំនួន៣ ដូចជាក្លិបខេត្តសៀមរាប បាត់ដំបង និងខេត្ត កណ្តាល។ រីឯរាជធានីភ្នំពេញ មាន២ក្លិប គឺ ក្លិបខេមរភូមិន្ទ និងក្លិបឌីវីនកូ។

សូមជម្រាប់ថា ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដំណើរការប្រកួតផ្លូវកា ថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៧ ហើយកិច្ចប្រជុំបច្ចេកទេស ធ្វើឡើងនៅថ្ងៃទី១០ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹកនៅសហព័ន្ធកីឡាវាយកូនបាលកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ ៕ សារីម


ចែករំលែក៖