ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ជួបសំណេះសំណាលផ្ដល់ការលើកទឹកចិត្ដដល់កម្មករ កម្មការិនីចំនួន ១.០១៧នាក់ នៅខេត្តផាថុមថានី ប្រទេសថៃ

ចែករំលែក៖

បាងកក៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១.០១៧នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតសាច់មាន់ឈ្មោះ Centaco group នៅខេត្តឈុនបុរី ប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បាននាំយកនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀតដើម្បីទទួលបានប្រាក់ខែខ្ពស់ និងទទួលការពេញចិត្តពីថៅកែរោងចក្រ។

ការមកជួបសំណេះសំណាលនេះ ពិតជាគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ ។ ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និងក្រុមការងារមួយចំនួនទៀត ដូចជាលោក អ៊ិត សំហេង លោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ាណែត និងលោក ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗដែលប្អូនៗជួបប្រទះ។

លោកស្រី បានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលករយើង ដោយមិនគិតថ្លៃ និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

មុននឹងបញ្ចប់ពិធីសំណេះសំណាលនេះ លោកស្រីឧបនាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ពលករខ្មែរទាំងនោះ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើស ដូចជាអំពើហឹង្សា គ្រឿងញៀន។ ល។ ហើយកុំជឿតាមការញុះញង់របស់អតីតគណបក្សប្រឆាំងដែលមានបំណង បំផ្លាញសន្តិភាព និងរារាំងដល់ការអវឌ្ឍនប្រទេស។

ចំណែកឯថៅកែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕ សំរិត


ចែករំលែក៖