ភ្នំពេញ៖ រយៈពេលកន្លងទៅនេះ គេឃើញក្មេងវ័យក្រោមអាយុ ១៥ឆ្នាំ ដែលជាអនីតិជន ត្រូវមេក្លោងជួញដូរគ្រឿងញៀនបានប្រើរូបភាពថ្មី តែទោះជាយ៉ាងណាក៏ដោយនៅកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍បឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ករណីឃាត់ខ្លួនក្មេងប្រុសខាងលើនេះ បានធ្វើឡើងកាលពី វេលាម៉ោង១៥និង១៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ឈ្មោះ សុស កោប ហៅអាខ្មៅ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ វត្ថុតាងចាប់យករួមមាន ៖១. ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៦៨កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា