ព័ត៌មានទាន់ហេតុការណ៍៖

ហ្ស៊ីមបាវ៉េចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្ស៊ីមបាវ៉េ លោក Ignatius Chombo កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ត្រូវបានឃុំខ្លួនពីបទពុករលួយ និងបទល្មើសជាច្រើនទៀត ពាក់ព័ន្ធនឹងអំពើពុករលួយតាំងពី២ទស្សវតន៍កន្លងមក។ ការឃុំខ្លួនរបស់លោករហូតដល់ពេលតុលាការកាត់ទោស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

លោក Chombo អ្នកដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយ ក្នុងនោះមានចេតនាបន្លំនៅក្នុងធនាគារជាតិ ហើយត្រូវបានចាប់ខ្លួនក្រោយពេលដែលកម្លាំងទាហានហ្សុីមបាវ៉េគ្រប់គ្រោង។

កម្លាំងយោធាហ្ស៊ីមបាវ៉េ បានចាត់ទុកសកម្មភាពយោធាខាងលើជាយុទ្ធនាការ «Operation Restore Legacy» មានន័យថា លុបបំបាត់ក្រុមពុករលួយ នៅជុំវិញអតីតប្រធានាធិបតី រ៉ូបើត មូហ្គាបេ។

មេធាវីរបស់លោក Chombo លោក Lovemore Madhuku បានបញ្ជាក់ថា និងបន្តប្តឹងតវាទៅកាន់តុលាការកំពូល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ លោក Chambo គឺជាសមាជិករបស់ក្រុមអ្នកនយោបាយមានទ្រព្យសម្បត្តិច្រើនបំផុតទាំង៤០ G40 មានទំនាក់ទំនងជិតស្និតជាមួយប្រធានាធិបតី មូហ្គាបេ។

ក្រៅពីនេះ នៅមានមន្ត្រីជាន់ខ្ពស់២នាក់ផ្សេងទៀតរបស់គណបក្សកាន់អំណាច ZANU-PF គឺលោក Kudzanai Chipanga និង Innocent Hamandishe ក៏ជាសមាជិក G40 នៅក្នុងប្រទេសនេះត្រូវបានចាប់ឃុំខ្លួនរង់ចាំកាត់ទោសផងដែរ។

សកម្មភាពខាងលើ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី មហាជនហ្ស៊ីមបាវ៉េ។ ជាមួយគ្នានោះពលរដ្ឋ ក៏បានគាំទ្រដល់ប្រធានាធិបតីថ្មី Mnangagwa គ្រប់គ្រងដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើន។

នៅពេលនេះដែរ លោក Emmerson Mnangagwa បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្ស៊ីមបាវ៉េជាផ្លូវការហើយ។ ការឡើងកាន់តំណែងរបស់លោក Mangagwa នាពេលនេះ ត្រូវបានគេចាត់ទុកថា ជាការបិទទំព័រប្រវត្តិសាស្ត្ររបស់លោក រ៉ូបើត មូហ្គាបេ ដែលបានលាលែងចេញពីតំណែង កាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានការដាក់គំនាបពីក្រុមយោធា និងគណបក្សរបស់លោក។ យ៉ាងណាក៏ដោយ លោក Emmerson Mnangagwa ត្រូវបានកាសែតរដ្ឋស្រង់សម្ដីថា បានសន្យាធានាសន្តិសុខ និងសុខុមាលភាពជាអតិបរមាសម្រាប់លោក មូហ្គាបេ និងគ្រួសារ ក្នុងនាមជាពលរដ្ឋស៊ីមបាវ៉េ។

ពិធីស្បថចូលកាន់តំណែងរបស់ លោក Emmerson Mnangagwa បានរៀបចំធ្វើនៅពហុកីឡដ្ឋានជាតិ នៅជាយទីក្រុងហារ៉ារ៉េ ដោយមានការចូលរួមអបអរពីសំណាក់ប្រជាពលរដ្ឋហ្ស៊ីមបាវ៉េយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ លោក Emmerson Mnangagwa ក្នុងវ័យ៧៥ឆ្នាំ បានស្បថថា លោកនឹងស្មោះត្រង់នឹងហ្ស៊ីមបាវ៉េ ហើយគោរពគាំទ្រ និងការពាររដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ដទៃទៀតរបស់ហ្ស៊ីមបាវ៉េ។

គួររំឭកឡើងវិញបន្តិចថា ការឡើងកាន់តំណែងជាប្រធានាធិបតីហ្ស៊ីមបាវ៉េ របស់លោក Mnangagwa នាពេលនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក រ៉ូបើត មូហ្គាបេ លាលែងពីតំណែង។ មែនទែនទៅ លោក មូហ្គាបេ ដែលស្ថិតក្នុងស្ថានភាពសុខភាពទន់ខ្សោយ មានបំណងចង់ឲ្យភរិយារបស់លោកស្នងតំណែងជាប្រធានាធិបតីហ្ស៊ីមបាវ៉េ។ ប៉ុន្តែបំណងនេះមិនបានសម្រេច ដោយសារតែការដាក់គំនាបពីក្រុមយោធា និងគណបក្សរបស់លោក៕ ម៉ែវ សាធី


ចែករំលែក៖