ប្រទេសចិនបានប្រកាសថា ខ្លួននឹងទិញយន្តហោះចំនួន 200 គ្រឿងពីក្រុមហ៊ុន Boeing ហើយនឹងស្វែងរកការពន្យារពេលកិច្ចព្រមព្រៀងពន្ធគយជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានសម្រេចនៅទីក្រុង Kuala Lumpur កាលពីឆ្នាំមុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិនបានចេញកាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍នេះ គឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងពីទីក្រុងប៉េកាំង អំពីការបញ្ជាទិញយន្តហោះ Boeing។
ប្រធានាធិបតីអាមេរិក Donald Trump បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី Xi Jinping ដែលការធ្វើដំណើរនោះបាននាំឲ្យមានការសន្យាពាណិជ្ជកម្មជាច្រើន រួមទាំងការទិញយន្តហោះ Boeing និងការបើកទីផ្សារកសិកម្មផងដែរ។
លោក Trump បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំងថា ការទិញយន្តហោះ Boeing អាចកើនឡើងដល់ 750 គ្រឿង ហើយបន្ថែមថា យន្តហោះទាំងនោះនឹងប្រើម៉ាស៊ីនរបស់ GE Aerospace។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់ការធានាផ្គត់ផ្គង់គ្រឿងបន្លាស់ និងសមាសធាតុម៉ាស៊ីនយន្តហោះក្រោមកិច្ចព្រមព្រៀង Boeing នេះ។
ភាគីទាំងពីរក៏នឹងស្វែងរកការកាត់បន្ថយពន្ធគយទៅវិញទៅមក លើទំនិញដែលមានតម្លៃ 30 ពាន់លានដុល្លារ ឬច្រើនជាងនេះ។ ចិនបានបន្ថែមថា ពន្ធគយរបស់អាមេរិកលើទំនិញចិន មិនត្រូវលើសកម្រិតដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុង Kuala Lumpur នោះទេ។
ចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយនៅទីក្រុង Kuala Lumpur មុនជំនួបរវាងលោក Trump និងលោក Xi នៅប្រទេសកូរ៉េខាងត្បូងកាលពីខែតុលា ដែលបានពន្យារការផ្អាកសង្គ្រាមពន្ធគយរវាងប្រទេសទាំងពីររយៈពេលមួយឆ្នាំ។
កិច្ចព្រមព្រៀងនោះរួមមាន ការកាត់បន្ថយពន្ធគយរបស់អាមេរិកលើផលិតផលចិន និងការផ្អាកការរឹតបន្តឹងថ្មីរបស់ទីក្រុងប៉េកាំងលើរ៉ែកម្រ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច