ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រកឃើញអ្នកផ្ទុកសារធាតុញៀន២នាក់និងឃាត់មុខសញ្ញាម្នាក់ផ្សេងទៀតដកហូតថ្នាំញៀន៤៧កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ចាម៖ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងនគរបាលចរាចរខេត្ត បានបើកប្រតិបត្តិការចុះត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ និងធ្វើតេស្តរកសារធាតុញៀន នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយរកឃើញអ្នកផ្ទុកសារធាតុញៀន២នាក់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួន ទី១.ឈ្មោះ ឃាង ឡៃ ហៅស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស៊ាង រ៉ាវិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង២នាក់នេះ មានទីលំនៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះហើយ កម្លាំងបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកងមាស និងកំពង់សៀម ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឆន សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរកន្តោល ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា៤៧កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមច្បាប់៕ វណ្ណៈ


ចែករំលែក៖