ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU អ្នកទទួលបន្ទុកកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

ចែករំលែក៖

ស្ថានទូតបារាំងប្រចាំកម្ពុជា៖ ទស្សនកិច្ចនៅកម្ពុជារបស់លោក Thierry MATHOU អ្នកទទួលបន្ទុកកិច្ចការអាស៊ីនិងអូសេអានី នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង

លោក ឆៀរី ម៉ាធូ (Thierry MATHOU) ប្រធាននាយកដ្ឋានអាស៊ីនិងអូសេអានីនៃក្រសួងអឺរ៉ុបនិងការបរទេស បារាំង បានអញ្ជើញមកប្រទេសកម្ពុជានៅថ្ងៃទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាការងារជាមួយអាជ្ញាធរកម្ពុជា ព្រមទាំងតំណាងគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិផងដែរ។

ការពិភាក្សានៅក្នុងជំនួបទាំងនោះបានផ្តោតជាពិសេសទៅលើទំនាក់ទំនងទ្វេភាគី និងស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន។ ភាពយូរអង្វែង និងគុណភាពនៃទំនាក់ទំនងរវាងប្រទេសបារាំងនិងកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាក៏ត្រូវបានលើកឡើងផងដែរ។

នៅក្នុងកិច្ចពិភាក្សាទាំងនោះ លោក Thierry MATHOU បានរម្លឹកថា ប្រទេសបារាំងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយផ្ទៃក្នុងនៅកម្ពុជា ជាពិសេសនៅពេលជិតមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨។ ការំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំ ជាងគេ ការចាប់ខ្លួននិងការឃុំខ្លួនមេដឹកនាំគណបក្សនេះ រួមទាំងការហាមឃាត់សមាជិកគណបក្សចំនួន ១១៨រូបធ្វើនយោបាយក្នុងអំឡុងពេល៥ឆ្នាំ បានចោទជាបញ្ហាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកប្រធាននាយកដ្ឋានបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាចូលរួមសារជាថ្មី នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មែននោះ វានឹងត្រូវបានគេចាត់ទុកថាជាការវិវឌ្ឍដ៏អវិជ្ជមានមួយ៕

 


ចែករំលែក៖