ក្រុមស្វែងរក នាវាមុជទឹក អាហ្សង់ទីន ដែលបានបាត់ខ្លួន ជាង១០ថ្ងៃកន្លងមក កំពុងតែប្រជែងនឹងពេលវេលា ក្នុងការ ជួយសង្គ្រោះនាវិក៤៤នាក់ នៅក្នុងនាវា មុជទឹកខាងលើ។
កម្លាំងទាហានអាហ្សង់ទីនបានបញ្ជាក់ថាមានការផ្ទុះនៅក្នុងនាវា មុនពេលបាត់ខ្លួនកាលពីថ្ងៃទី១៥ខែវិច្ឆិកា ហើយនាវានៅល្អទាំងមូលមុនពេលលិចចូលបាតសមុទ្រ។ អុកស៊ីសែននៅក្នុងនាវាមុជទឹកខាងលើត្រូវអស់តាំងពីសប្តាហ៍កន្លងមក។
ក្រុមអ្នកឯកទេសបានបញ្ជាក់ថា ប្រព័ន្ធ បច្ចេកវិទ្យាបំបាំងកាយ ដ៏ទំនើប គឺហេតុ ផលបង្កភាពលំបាកក្នុងការស្វែងរកនាវា មុជទឹក។ មកទល់ពេលនេះគេមិនទាន់ដឹង ថា នាវាមុជទឹក ARA San Juan កំពុងតែ ដំណើរការនៅលើផ្ទៃទឹក បាតសមុទ្រឬ ត្រូវលិចនោះឡើយ ដោយមកទល់ពេលនេះមិនទាន់មានសញ្ញាណាមួយពីនាវា ខាងលើនោះទេ។
នាវាមុជទឹក ARA បានផលិតនៅឆ្នាំ១៩៨៥ប៉ុន្តែត្រូវបានជួសជុលកែលម្អឡើងវិញនៅឆ្នាំ២០១៤ ដោយបំពាក់ប្រព័ន្ធ បំបាំងកាយ ដ៏ទំនើប គេចផុតពីការចាប់ បានរបស់សត្រូវ។ លោក Andrew Davies អគ្គនាយកយុទ្ធសាស្ត្រ ការពារជាតិ មក ពីមជ្ឈមណ្ឌល គោលនយោបាយអូស្ត្រាលីបានបញ្ជាក់ថា«ប្រព័ន្ធបំបាំងកាយ ក្រោម បាតសមុទ្ររបស់នាវាមុជទឹក គឺជាកាំបិត មុខពីរឱកាសជួយដល់ក្រុមនាវិកកាន់តែ អស់ទៅ ពីមួយនាទីទៅមួយនាទី»។
លោក Richard Bryant អតីតមេបញ្ជា ការ នាវាមុជទឹក ដើរដោយថាមពល បរមាណូរបស់អាមេរិក USS Miami បាន បញ្ជាក់ថា រដ្ឋាភិបាលអាហ្សង់ទីន ដូចជា មិនទាន់មានការត្រៀមលក្ខណៈសម្រាប់ ជួយសង្គ្រោះ នាវាមុជទឹកបាត់ខ្លួននៅ សមុទ្រ ។ជាក់ស្តែង នាវាមុជទឹកខាងលើ បានបាត់ខ្លួនរហូតដល់៤៨ម៉ោងទើបប្រកាសជាសាធារណៈ។
សកម្មភាពស្វែងរកនាវាមុជទឹកអាហ្សង់ទីន ដោយមានការចូលរួមពីប្រទេសជា ច្រើន ដូចជាអាមេរិក អង់គ្លេស ប្រេស៊ីល កំពុងតែជួបផលលំបាកយ៉ាងខ្លាំងដោយសារតែជួបព្យុះ មានខ្យល់ខ្លាំង រលក សមុទ្រធំៗកម្ពស់ជាង៦ម៉ែត្រ ក្នុងតំបន់ ដែលរុករក។
ចាប់តាំងពីសង្គ្រាមលោកលើកទី២ មកទល់ពេលនេះ ប្រវត្តិសាស្ត្រពិភពលោក ធ្លាប់ ប្រឈមនឹងហេតុការណ៍លិចនាវា មុជទឹក ធ្វើឲ្យនាវិករាប់រយនាក់ស្លាប់។ ការលិចនាវាមុជទឹកអាក្រក់បំផុត កើតឡើង នៅឆ្នាំ២០០០ ទៅលើនាវា K-141Kursk បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ របស់រុស្ស៊ី ។ នាវានោះបានកម្ទេចទាំងស្រុង ក្រោយការផ្ទុះយ៉ាងខ្លាំងនៅខាងក្នុងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០០ សម្លាប់នាវិក១១៨ នាក់។
កម្លាំងទាហានអាមេរិក ក៏ធ្លាប់ប្រឈមនឹងការលិចនាវាមុជទឹកផងដែរ កាលពីខែ ឧសភា ឆ្នាំ១៩៦៩ ពេលនោះនាវមុជទឹកដើរដោយថាមពលបរមាណូ USS Scorpion បាត់ខ្លួននៅមហាសមុទ្រ ប៉ាស៊ីហ្វិក ដែលមាននាវិក៩៩នាក់ ។ មួយឆ្នាំក្រោយការរុករកអាមេរិកបានបញ្ជាក់ថានាវាបានលិចក្នុងជម្រៅ៣.០០០ម៉ែត្រ។នៅឆ្នាំ ១៩៦៣នាវមុជទឹក USS Thresher ក៏បាន លិច សម្លាប់នាវិក១២៩នាក់ផងដែរ ក្លាយជាគ្រោះថ្នាក់នាវាមុជទឹកសម្លាប់មនុស្សជាទ្រង់ទ្រាយធំបំផុតលើពិភពលោក៕ ម៉ែវ សាធី