ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌឫស្សីកែវ​ បញ្ជាឲ្យមន្រ្តីក្រោមឱវាទបន្តបង្រ្កាបល្បែងស៊ីសង និងគ្រឿងញៀន ក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដាស់តឿន នឹងដាក់បញ្ជាឲ្យមន្រ្តីក្រោមឱវាទទាំងអស់ទូទាំងខណ្ឌ ត្រូវចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រី ទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត២៤ម៉ោង Live ពីកាស៊ីណូជាដើម ជាពិសេសបញ្ហាគ្រឿងញៀន និង ក្លឹបកម្សាន្តនានា ដែលកំពុងដំណើរការអាជីវកម្មរបស់ខ្លួន នៅពេលរាត្រី ហាមដាច់ខាតមិនឲ្យមានបើកនៅពេលថ្ងៃជាដាច់ខាត ព្រោះអាចធ្វើឲ្យសិស្សសាលាដែលទៅសិក្សារៀនសូត្រ បែរជាបែកគំនិត្យនាំគ្នាទៅចូលក្លឹបកំសាន្ដសប្បាយ ហើយសេពទាំងគ្រឿងញៀន និងប្រព្រឹត្តនូវអំពើអាណាចារ្យផ្សេងៗ ដូចជាលួចគាស់ផ្ទះ ឆក់ប្លន់ ដែលបង្កអសន្តិសុខដល់សង្គមជាតិមិនខាន។

លោកអភិបាល បានបន្តទៀតថា បើក្នុងករណីម្ចាស់ក្លឹបកំសាន្ដនីមួយៗ នៅតែមានលួចបើកដំណើរនៅពេលថ្ងៃ ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចនោះទេ ប្រាកដជាប្រឈម និងវិធានការរដ្ឋបាលរដ្ឋបាលតាមផ្លូវច្បាប់មិនខាន។

ក្នុងកិច្ចប្រជុំនោះដែរ លោក អភិបាលខណ្ឌ បានក្រើនរំឭកធ្ងន់ៗយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងពិធីជួបជាមួយវិស័យឯកជន នៅសាលប្រជុំសាលាខណ្ឌឫស្សីកែវ ដើម្បីអនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ដោយមានសមាសភាពចូលរួមពីលោកស្រី ឈឹម សិទ្ធប៊ុនរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ដួង ស៊ុនណារ៉ា ប្រធាននាយដ្ឋានស្រាវជ្រាវត្រួតពិនិត្យ លោក ហេង ចាន់ណារ៉ា អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោក ជុន ហុងពាន អនុប្រធានមន្ទីរពិសោធន៍គ្រឿងញៀន និងអធិការរងនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូប ព្រមទាំងលោក-លោកស្រីជាមួយធុរជន នៃវិស័យឯកជនពាណិជ្ជករនិងប្រជាពលរដ្ឋប្រមាណ១៨០នាក់។

លោក អភិបាលខណ្ឌ បានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការ អនុវត្តន៍ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែដំបូង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ទទួលបានចំណាត់ថ្នាក់លេខ១ ដូចជាការបង្ក្រាបប្រភេទករណីជួញដូរគ្រឿងញៀន ១៦១ករណី ឃាត់ខ្លួន៣៥៦នាក់ (ស្រី៦៩នាក់) ករណីរក្សាទុកគ្រឿងញៀន ២២ករណី ឃាត់ខ្លួន៣២នាក់ (ស្រី៣នាក់) ករណីផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន ១ករណី ឃាត់ខ្លួន៥នាក់ (ស្រី១នាក់) ករណីប្រើប្រាស់គ្រឿងញៀន ៥ករណី ឃាត់ខ្លួន២១៨នាក់ (ស្រី៣៤នាក់) វត្ថុតាងដកហូត គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន១កញ្ចប់ធំ និង៧២គ្រាប់ ក្រាមពណ៌សថ្លាគ្មានប្រតិកម្ម ចំនួន១៣៨៩កញ្ចប់ កញ្ឆាក្រៀម ចំនួន៣កញ្ចប់ សម្ភារ និងមធ្យោបាយរួមមាន៖ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន៥០ ម៉ូតូចំនួន២៨គ្រឿង និងទូរស័ព្ទ ចំនួន១៤ និងការព្យាបាល ស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងរយះពេល១១ខែ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជូនអ្នកញៀនគ្រឿងញៀនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន២១៨នាក់ ស្រី៣២នាក់ ស្មើនិង៥០ករណី ៕ ស តារា


ចែករំលែក៖