ព័ត៌មានទាន់ហេតុការណ៍៖

បុរសប្រើប្រាស់គ្រឿងញៀនម្នាក់ស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរនៅផ្ទះសំណាក់កោះមាស

ចែករំលែក៖

ភ្នំពេញ៖ បុរសប្រើប្រាស់គ្រឿងញៀនម្នាក់ដែលមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនោះ បានស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១២នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់កោះមាស ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នគរបាលប៉ុស្តិ៍រដ្ឋបាល បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបានបញ្ជាក់ថា ជនរងគ្រោះ ពេលបញ្ជូនចេញពីផ្ទះសំណាក់កោះមាស ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ៣ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យរុស្សី ។

ប្រភពបន្តថា សាកសពពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ មានភិនភាគ សម្បុរស្រអែម ,សក់កាត់ខ្លី , កំពស់ប្រហែល ១, ៦៦ ម៉ែត្រ , គ្មានអាវ , ស្លៀកខោពណ៌ខ្មៅជើងវែង មានស្លាកស្នាមរបួស ៖ មានស្នាមជាំក្បាលចំហៀងខាងស្ដាំ និងខាងក្រោយ , មុខភ្នែកទាំងសងខាងជាំហើម , ជើងទាំងសងខាងជាំហើមកោស រលាត់មានក្រម៉ និងដៃទាំងសងខាងកោស រលាត់មានក្រម៉ ។

សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្សល់នៅក្នុងបន្ទប់លេខ៥០១ ជាន់ទី៥ ផ្ទះសំណាក់កោះមាស មាន៖ -ដបកែច្នៃសំរាប់ជក់គ្រឿងញៀនចំនួន០១
-នាឡិកាដៃមួយគ្រឿងពណ៌ស , ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 5 ពណ៌ស និងកាបូបលុយមួយពណ៌ខ្មៅ មានលុយ សរុបចំនួន១០៥.៥០០៛ (ដប់មុឺនប្រាំពាន់ប្រាំរយរៀល ) ក្នុងនោះមានក្រដាសប្រាក់ ១០០.០០០៛ មួយសន្លឹក , ក្រដាស ៥០០០៛ មួយសន្លឹក និងក្រដាស៥០០៛ មួយសន្លឹក ។

តាមការបំភ្លឺអះអាងរបស់ឈ្មោះ នួន យ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិករៀបចំបន្ទប់ផ្ទះសំណាក់កោះមាស បានអះអាងប្រាប់សមត្ថកិច្ចថា ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៤:០០នាទី ខ្លួនកំពុងនៅចាំទទួលភ្ញៀវនៅផ្ទះសំណាក់កោះមាស ស្រាប់តែមានជនពុំស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ (សព) បានមកជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅ ពេលនោះខ្លួនបានដាក់អោយភ្ញៀវខាងលើ (សព) ស្នាក់នៅបន្ទប់លេខ៥០១ ជាន់ទី៥ ក្នុងតំលៃ២៨.០០០៛ ដោយជននោះអត់មានអត្តសញ្ញាណប័ណ្ណទេ ហើយជនរងគ្រោះឡើងទៅដេកទៅ លុះមួយសន្ទុះក្រោយមកស្រាប់តែអ្នកជួល បន្ទប់លេខ៥០៤ បានចុះមកក្រោមហើយប្រាប់ខ្លួនថា អ្នកជួលបន្ទប់លេខ៥០១ បានស្រែកឡូឡា រំខានមិនបានដេក ពេលនោះខ្លួនក៏បានឡើងទៅមើលហើយគោះទ្វារ បន្ទប់តែជននោះមិនបានបើកទ្វារបន្ទប់ឲ្យខ្លួនចូលទេ ស្រាប់តែជននោះ (សព) បានផ្លោះបង្អួចដើរឆ្លងចុះឡើង ចេញទៅក្រៅចំហៀងផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក្រោយមកក៏នាំយកជនរងគ្រោះមកមន្ទីរពេទ្យរុស្សី ហើយស្លាប់នៅមន្ទីរពេទ្យតែម្ដង ។

សមត្ថកិច្ចបានសុងយកទឹកនោមជនរងគ្រោះ (សព) មកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន ( មានប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ) ។ ក្នុងករណីនេះ ឆ្លងតាមការពិនិត្យរបស់ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ថា៖ ជនរងគ្រោះស្លាប់បណ្ដាលមកពីការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ។

បច្ចុប្បន្ន សពបានតំកល់ទុកនៅមន្ទីរពេទ្យរុស្សី រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖