ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្នងការនគរបាលខេត្ត កណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានដឹកនាំកងកម្លាំងជាច្រើននាក់សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីតាមច្បាប់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ផងបានចុះទៅបង្រ្កាបសង្វៀនបញ្ជល់មាន់ដ៏ធំមួយនៅក្បែររបងវត្តខ្សាច់ពោធិ៍អារ្យ ក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម។
ប្រភពព័ត៌មានពីក្រុមបង្រ្កាបបានឲ្យដឹងថា ក្នុងការបង្រ្កាបនេះគឺនៅពេលកម្លាំង ចម្រុះទៅដល់បានឡោមព័ទ្ធទីតាំងនោះ ព្រោះតែគេចាក់សោជាប់មិនឲ្យចូល ទើបសមត្ថកិច្ចសម្រេចកាត់សោចូលដល់ក្នុង ហើយអ្នកលេងបញ្ជល់មាន់ជាច្រើននាក់រត់មិនរួចព្រោះរបងហ៊ុមព័ទ្ធត្រូវសមត្ថកិច្ចក្របួចជាប់តែខ្លះទៀតមានបច្ចេកទេសលោតផ្លោះបានរត់រួចតាមផ្លូវក្រោយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស ជិត១០០នាក់ត្រូវបានឃាត់ខ្លួន រថយន្តជាង ៦០គ្រឿង ម៉ូតូជាង២០០គ្រឿង និងមាន់ ជល់ជាង១០០ក្បាល ព្រមទាំងវត្ថុតាងជាច្រើនទៀតត្រូវរឹបអូសទុកជាភស្តុតាង។
ក្រោយឃាត់ខ្លួនអ្នកនិយមលេងបញ្ជល់ មាន់ទាំងជិត១០០នាក់ត្រូវសមត្ថកិច្ចដឹកតាមរថយន្តទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីសាកសួរនិងធ្វើកំណត់ហេតុតាមនីតិវិធី។ រីឯវត្ថុតាងដែលរឹបអូសបាន ត្រូវសមត្ថកិច្ចចាក់សោប្លុមបេរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងខាងលើ។ ដោយ ឡែកសង្វៀនបញ្ជល់មាន់ដ៏ធំក្នុងទីតាំងមួយនេះត្រូវបានសមត្ថកិច្ចយកគ្រឿងចក្រទៅឈូសឆាយកម្ទេចចោលទាំងស្រុងក្នុងគោលបំណងមិនឲ្យកើតមានតទៅទៀត ។
យ៉ាងណាក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយនេះត្រូវបានពលរដ្ឋរស់នៅស្រុកល្វាឯមសប្បាយ ចិត្តយ៉ាងខ្លាំង ព្រោះកន្លងមកមិនងាយ សមត្ថកិច្ចណាហ៊ានទៅបង្រ្កាបដូចពេលនេះឡើយ ៕ ស្អាងជ័យ