ព័ត៌មានទាន់ហេតុការណ៍៖

កាំកុងត្រូលនៅតែបន្តឲ្យឈ្មួញនាំចូលគ្រឿងក្នុង, ស្លាប និងជង្គង់មាន់ថៃតាមច្រកចាំយាម

ចែករំលែក៖

ខេត្តកោះកុង៖ កាលពីព្រឹកថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០១៧ គេសង្កេតឃើញមុខទំនិញ ដូចជាស្លាបមាន់ក្រញាំជើងនិងគ្រឿងក្នុងមាន់នៅតែត្រូវបានសមត្ថកិច្ចគយនិងកាំកុងត្រូល អនុញ្ញាតឲ្យនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងយ៉ាងគគ្រឹកគគ្រេង ដដែលទោះបីមុខទំនិញមួយនេះត្រូវបាន រឹតបន្តឹងនៅតាមច្រកនានាក្នុងទូទាំងប្រទេសតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល យ៉ាងណាក្តី ជាពិសេសសមត្ថកិច្ចជំនាញកាំកុងត្រូលតែម្តង ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចច្រកទ្វារ អន្តរជាតិចាំយាមជាច្រើននាក់បានបង្ហើប ឲ្យដឹងថា ក្រៅពីសមត្ថកិច្ចកាំកុងត្រូលគ្មានសមត្ថកិច្ចណាហ៊ានបើកភ្លើងខៀវឲ្យមុខ ទំនិញមួយនេះនាំចូលរាល់ថ្ងៃដូច្នេះឡើយ តែបើជំនាញបើកដៃស្ថាប័នផ្សេងក៏បានសើមមាត់ដែរ ។

ប្រភពដដែលបាននិយាយទៀតថា ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានគ្រឿងក្នុង ស្លាប និងជង្គង់មាន់និងប្រហិតខូចគុណ ភាពចាប់ពី១តោនទៅ២តោនដែរត្រូវបានសមត្ថកិច្ចជំនាញបើកដៃឲ្យពួកឈ្មួញដែលជាម៉ូយដាក់ខែរបស់ពួកគេរាប់សិបឆ្នាំមកហើយនោះនាំចូលតាមច្រកទ្វារចាំយាមដោយបំបែករូបភាពដាក់បង្កប់តាមរទេះ រុញតូចៗបំភ័ន្តភ្នែកអ្នកធ្វើដំណើរឆ្លងកាត់ច្រកនេះរួចយកមកដាក់ឡានដែលនៅរង់ចាំខាងទឹកដីខ្មែរដឹកចេញយកមកចែកចាយនៅទីផ្សារដងទង់មួយចំនួនឬប្រមូលគ្រប់ពី៨ទៅ១០តោនទើបដឹកចេញមកកាន់រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តទៀតថា ដោយសារតែការមើលឃើញសកម្មភាពផ្គើននឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលរបស់សមត្ថកិច្ចកាំកុងត្រូលខេត្តកោះកុងបែបនេះហើយទើបកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៧កន្លងទៅថ្មីៗលោកស្នងការរង ទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំកម្លាំងក្រោមឱវាទ ស្ទាក់ចាប់មុខទំនិញខូចគុណភាពខាងលើនេះបានចំនួន២តោន។ ខណៈពួកឈ្មួញបំបែករូបភាពដឹកតាមរ៉ឺម៉កម៉ូតូមកដល់ ទីរួមខេត្តយកទៅដុតកម្ទេចចោលដោយ បានអញ្ជើញស្ថាប័នជំនាញមួយនេះមក ចូលរួមឈរមើលសកម្មភាពដុតនោះយ៉ាងអាម៉ាស់ទៀតផង ។

មិនតែពីប៉ុណ្ណោះទោះបីជាសកម្មភាព បង្រ្កាបនេះកម្លាំងមានសមត្ថកិច្ចជាអ្នកខិតខំធ្វើ ប៉ុន្តែសាខាកាំកុងត្រូលខេត្តបានធ្វើរបាយការណ៍កុហកថ្នាក់លើរបស់ខ្លួនថា ក្រុមខ្លួនជាអ្នកបង្រ្កាបហើយសមត្ថកិច្ចគ្រាន់តែ ជាអ្នកចូលរួមទៅវិញ ។

ប្រភពពីមន្រ្តីនិងប្រជាពលរដ្ឋក្នុងខេត្តជាច្រើនរិះគន់ថា ស្ថាប័នកាំកុងត្រូលជាស្ថាប័ន មុខលុយព្រោះពួកគេសំអាងថា ឲ្យតែក្រុម ឈ្មួញបង់លុយគឺលែងពិនិត្យគុណភាពហើយចង់ដឹកទំនិញស្អុយរលួយមកលក់ក៏មើលមិនឈើញដែរ ហើយយូរៗម្តងពួក មន្ត្រីទាំងនោះតែងហៅយករថយន្តពិនិត្យ គុណភាពចល័តពីនាយកដ្ឋានទៅបង្អួតពលរដ្ឋនិងមន្ត្រីក្នុងខេត្តឲ្យឃើញសកម្មភាព ពិនិត្យទំនិញស្ងួតតាមផ្សារទំនើប ឬផ្សារ បន្លែកំបិុកកំប៉ុកទៅវិញមិនដែលហ៊ានដើរទៅជិតតូបលក់គ្រឿងក្នុងមាន់ ស្លាបមាន់ និងជង្គង់មាន់ខូចគុណភាពដែលជាម៉ូយ របស់ពួកគេឡើយ ។

ហេតុនេះបើថ្នាក់លើមិនប្រឡូកប្រឡាក់ក្នុងរឿងនេះទេ សូមចាត់វិធានការជាបន្ទាន់ ព្រោះជំងឺមហារីកវាមានលក្ខណៈទំុជោរទៅហើយប្រយ័ត្នរាលដាលដល់សរីរាង្គផ្សេងៗទៀត ព្រោះមានមន្ត្រីខ្លះអាចឈរជើងនៅច្រកចាំយាមនេះជិត២០ឆ្នាំហើយដោយសារតែពូកែរកផលប្រយោជន៍ឲ្យថ្នាក់លើ ពិសេសលោក ជា នី ឈរជើងនៅច្រកនេះជិត២ទសវត្សរ៍ហើយនៅមិនទាន់អស់ចិត្តទៀត ៕ ហេង សូរិយា

 


ចែករំលែក៖