ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងឃាត់មនុស្ស២២នាក់និងថ្នាំញៀន៦១កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យស្រីប្រុសចំនួន២២នាក់ ដែលជាអ្នកចែកចាយ ជួញដូរ និង ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ជាមួយនិងថ្នាំញៀន៦១កញ្ចប់ ក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចំនួន២ថ្ងៃ គឺថ្ងៃទី៤ និង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅស្រុកក្រុងចំនួន៣ ក្នុងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ការតាមប្រមាញ់រកមុខសញ្ញាក្រុមជនសង្ស័យនេះ គឺធ្វើឡើងតាមកម្លាំងសម្ងាត់របស់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ហើយនៅថ្ងៃទី៤ និងថ្ងៃទី៥ ខែធ្នូនេះ គឺកម្លាំងជំនាញទទួលបានព័ត៌មានជាក់លាក់ ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានចូលមកធ្វើសកម្មភាពនៅក្នុង ស្រុកទឹកផុស ស្រុករលាប្អៀរ និង ក្រុងកំពង់ឆ្នាំង ក្រោយពីទទួលបាននូវព័តមាននេះ សមត្ថកិច្ចជំនាញបានចុះទៅតាមគោលដៅ ដែលក្រុមជនសង្ស័យធ្វើសកម្មភាព និង ព័ទ្ធចាប់បានជាបន្តបន្ទាប់តែម្តង។ ក្នុងពេលឃាត់ខ្លួននេះសមត្ថកិច្ច បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកសរុបចំនួន៦១កញ្ចប់ ជញ្ជីង២គ្រឿង ម៉ូតូ១០គ្រឿង ដាវ៣ដើម និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ក្រុមជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖