ខេត្តកណ្តាល: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាព លួចយកទៅទូរសព្ទដៃម៉ាកអាយហ្វូនចំនួន២គ្រឿងពីបុរសម្នាក់កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ១រោចខែ មិគសិរ ឆ្នាំរកា នព្វស័ក ព-ស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ភោគ រតនា ភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ សុខ ឆាងឈុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន) ទី២ឈ្មោះ កុច សុភ័ក្រ ហៅតុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ឃាត់ខ្លួន)និងទី៣ឈ្មោះ បូរី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(គេចខ្លួន) ទាំង៣នាក់ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
វត្ថុតាងដែលបាត់បង់ រួមមាន ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយអេស ពណ៌ទឹកមាស ចំនួន១គ្រឿង ទូរសព្ទដៃម៉ាកអាយហ្វូនស៊ិច(ស៊ីងហ្គាពួរ) ពណ៌ទឹកមាស បិទស្កុតពីក្រោយពណ៌ឈាមជ្រូកចំនួន១គ្រឿង។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ វេលាម៉ោង៨យប់រហូតដល់ម៉ោង១២រំលងអធ្រាត្រថ្ងៃកើតហេតុ ជនរងគ្រោះនិងប្រពន្ធបានអង្គុយមើលទូរទស្សន៍ រួចហើយក៏នាំគ្នាចូលទៅដេកលក់អសឮ់។លុះមកដល់វេលាម៉ោង៥និង៣៥នាទីទៀបភ្លឺ ស្រាប់តែឈ្មោះ សិទ្ធិ មុន្នី ត្រូវជាកូនរបស់ជនរងគ្រោះ បានឃើញ
ទ្វារផ្ទះខាងក្រោយបើកចំហ ហើយមិនឃើញមានទូរស័ព្ទនៅលើតុនិងឃើញទូខោអាវរញ៉េរញ៉ៃ ទើបដឹងថាមានចោរចូលផ្ទះលួចយកសម្ភារ:។ភ្លាមៗនោះ ជនរងគ្រោះបានទូរស័ព្ទ មកលោកនាយប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើអន្តរាគមន៍ហើយពេលសមត្ថកិច្ចទៅដល់បានកំណត់មុខសញ្ញាបានហើយព្រឹកស្អែក ឡើង ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងនាំមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្អមសំណរ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលមកលួចទូរសព្ទចំនួន២គ្រឿង នៅផ្ទះជនរងគ្រោះប្រាកដមែន។
ក្រោយកើតហេតុ ជនសង្ស័យទាំង២ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីដោះស្រាយបន្តតាមច្បាប់៕ ប្រាថ្នា