ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណ ៥០នាក់ជាគ្រួសារយោធា់ តំណាងប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនអ៊ុក ឃុន រំលោភយកដីកន្ងមកនោះ បានមកប្រមូលផ្តុំគ្នា សម្តែងក្តីត្រេក អរដោយបានឮដំណឹងអំពីករណីប្រធានតុលាការខេត្តកំពង់ស្ពឺ បានចេញដីកាឃុំខ្លួនមេខ្លោងម្នាក់ឈ្មោះអ៊ុក វិច្ឆិកា កូនប្រុសបង្កើតលោកអ៊ុក ឃុន ដាក់គុក។
ប្រជាពលរដ្ឋ សម្តែងក្តីត្រេកអរបែបនេះ នៅលើដីមានទំនាស់កាលពីម៉ោង៣រសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងពិធីជួបជុំសម្តែងក្តីត្រេកអរនេះដែរ ពួកគាត់បានអះអាងថា មេក្លោងអ៊ុក វិច្ឆិកា ជាមនុស្សសាហាវឃោរឃៅ ធ្លាប់តែធ្វើបាបពួកគាត់ដោយប្រើក្មេងស្ទាវក្នុងក្រុមហ៊ុន ដេញចាប់ ដេញបាញ់សម្លុត ដុតផ្ទះ រុះរើរបង និងកាប់បំផ្លាញដំណាំ ជាច្រើនលើកហើយពួកគាត់ ក៏ធ្លាប់បានដាក់ពាក្យប្តឹងឲ្យអាជ្ញាធរដោះស្រាយដែរ តែគ្មានសមត្ថកិច្ចណាហ៊ានចាត់ការមេក្លោងម្នាក់នេះឡើយ។
ប្រជាពលរដ្ឋ លើកឡើងទៀតថា ក្រោយពីដឹងដំណឹងថាកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ចុះចាប់មេក្លោងអ៊ុក វិច្ឆិកាដល់ក្នុងផ្ទះនៅភ្នំពេញ រួចប្រគល់មកឲ្យតុលាការខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់នោះមក ពួកគាត់បានប្រមូលផ្តុំគ្នាត្រេកអរ សំណូមពរឲ្យប្រធានតុលាការ ដាក់ទោសបុគ្គលនេះឲ្យបានធ្ងន់ធ្ងរ និងសំណូមពរដល់សម្តេចតេជោ ចេញបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ប្រញាប់ចេញប័ណ្ណស្របច្ប់ាប់ឲ្យពួកគាត់ឆាប់ៗផង ដើម្បីបានកាន់កាប់បង្កបង្កើនផល កាត់បន្ថយការចំណាកស្រុក។
មន្រ្តីតុលាការខេត្តកំពង់ស្ពឺ បានប្រាប់នគរវត្តថា នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៧នេះ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបញ្ជាឲ្យឃុំខ្លួនឈ្មោះអ៑ុកវិច្ឆិកាដាក់ពន្ធនាគារហើយ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបសួរ ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទ «ផ្តើមគំនិតក្នុងអំពើរំលោភកាន់កាប់លើអចលវត្ថុ» កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៧ នៅចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ សេនាស័ក្តិ