ខេត្តក្រចេះ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង សង់ពីឈើនៅលើ ខាងក្រោមធ្វើពីឥដ្ឋ នៅកណ្ដាលទីប្រជុំជនស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីរសៀលថ្ងៃសុក្រ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព-ស ២៥៦១ ត្រូវនឹងថ្ងៃ ៨ ខែធ្នូ ឆ្នាំ២០១៧ បង្កការភ្ញាក់ផ្អើលមនុស្សម្នាចេញទៅជួយពន្លត់ភ្លើងយ៉ាងច្រើន ។
មន្ត្រីនគរបាលស្រុកព្រែកប្រសព្វបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យ មានរថយន្ដពន្លត់អគ្គិភ័យ៣គ្រឿងចេញទៅជួយធ្វើអន្ដរាគមន៍បាញ់ទឹកពន្លត់ផងដែរទើបរលត់ជាស្ថាពរ មិនរាលដាលដល់ផ្ទះអ្នកដទៃ គ្រាដែលភ្លើងបំផ្លាញទាំងស្រុងនៅជាន់លើ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ផ្ទះប្រជាពលរដ្ឋ ដែលឆាបឆេះនោះ ម្ចាស់ផ្ទះមានមុខរបរលក់ហ្គាស ហើយការកើតមានអគ្គិភ័យនេះ សង្ស័យបណ្តាលមកពីផ្ទុះហ្គាសតែម្តង ទើបឆេះសន្ធោ សន្ធៅរហ័សយ៉ាងនេះ ។
យ៉ាងណា គេនៅមិនទាន់ដឹងពីចំនួនខូចខាតដោយអគ្គិភ័យនេះមានប៉ុន្មាននៅឡើយទេ គ្រាដែលម្ចាស់ផ្ទះមិននិយាយស្តីក្រៅពីទ្រហោរយំស្តាយផ្ទះនិងទ្រព្យសម្បត្តិនោះ៕ សហការី