ព័ត៌មានទាន់ហេតុការណ៍៖

ការបិទផ្លូវសមុទ្ររបស់អាមេរិកមិនខុសពីការប្រកាសសង្គ្រាមឡើយ

ចែករំលែក៖

ក្រុមអ្នកឯកទេសបញ្ជាក់ថា ផ្លូវសមុទ្រគឺជាសរសៃឈាមសេដ្ឋកិច្ចកូរ៉េខាងជើង ដែលអាចរកប្រាក់ជួយដល់ប្រទេសនេះ ពង្រឹងសេដ្ឋកិច្ចរយៈពេលកន្លងមក និងជួយដល់កម្មវិធីអាវុធរបស់ប្រទេសនេះសម្រេចបានជោគជ័យ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយថា បើអាមេរិកបិទផ្លូវសមុទ្រ សូម្បីតែបន្តិច កូរ៉េខាងជើងនឹងតបតវិញភ្លាមៗ។ សារព័ត៌មានកូរ៉េខាងជើងបានរិះគន់ដល់ការប្រកាសរបស់អាមេរិកស្តីពីការហាមប្រាមដឹកជញ្ជូនទំនិញតាមដែនសមុទ្រ ទៅកាន់កូរ៉េខាងជើង ឬចាកចេញពីកូរ៉េខាងជើង។ ទាំងនោះជាការបិទផ្លូវសមុទ្រដល់កូរ៉េខាងជើង ដែលជាផ្លូវតែមួយគត់ ដូចជាសរសៃឈាមរបស់ប្រទេសនេះ។ កូរ៉េខាងជើងបានប្រកាសថា បើអាមេរិកបិទផ្លូវសមុទ្រ នោះគឺគ្មានអ្វីក្រៅពីសង្គ្រាមផ្ទុះឡើងនោះឡើយ។

សារព័ត៌មានRodongSinmun ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់បក្សពលករកូរ៉េខាងជើងបានផ្សាយថា «មន្ត្រីអាមេរិក ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសTillerson ទីប្រឹក្សាសន្តិសុខ Gerbert Mc Master អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ Haley និងមន្ត្រីជាច្រើនទៀត ធ្លាប់បានលើកឡើងពីការបិទផ្លូវសមុទ្រចំពោះកូរ៉េខាងជើង។ ប្រសិនបើកើតឡើងនោះ គឺជាការប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើង»។

អាមេរិកបានបរាជ័យនៅក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងការបញ្ចប់កម្មវិធីបរមាណូប្រទេសនេះ ។ ទាំងនោះហើយបានជាអាមេរិក គិតដល់ការបិទផ្លូវសមុទ្រ ដែលជាមធ្យោបាយដឹកជិញ្ជូនដ៏សំខាន់របស់កូរ៉េខាងជើងនាពេលកន្លងមក។

ការដែលកូរ៉េខាងជើង នៅឈរជើងរឹងមាំចំពោះការដាក់ទណ្ឌកម្មរបស់អាមេរិក គឺដោយសារតែមានប្រទេសជាច្រើន មិនបានគោរពទៅតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធីបរមាណូ និងមីស៊ីលប្រទេសនេះនោះទេ។

តាមមជ្ឈមណ្ឌុលវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ ISIS បានបញ្ជាក់ថា សរុបមានប្រទេសរហូតដល់៤៩ប្រទេស បានបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង តាំងពីខែមីនា ឆ្នាំ២០១៤ រហូតដល់ខែកញ្ញា ឆ្នាំ២០១៧ ក្នុងនោះ ក៏មានប្រទេសចិន អាល្លឺម៉ង់ ប្រេស៊ីល ឥណ្ឌា និងបារាំង ផងដែរ។ តាមរបាយការណ៍បញ្ជាក់ថា ប្រទេសចំនួន១៣ ក្នុងបញ្ជីខាងលើ ក្នុងនោះមានអីុរ៉ង់ មីយ៉ាន់ម៉ា និងស៊ីរី បានចូលរួមសកម្មភាពដោះដូរផ្នែកសម្ភារយោធា។

នៅក្នុងរបាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា «មានប្រទេសជាច្រើន ទទួលនូវការហ្វឹកហាត់យោធាពីកូរ៉េខាងជើង និងប្រទេសមួយចំនួនទៀត ទទួលសម្ភារយោធាពីកូរ៉េខាងជើង ឬក៏លក់អាវុធទៅឲ្យភាគីកូរ៉េខាងជើងវិញ។

ភាគច្រើនប្រទេសនៅក្នុងបញ្ជីខាងលើ គឺបានទំនាក់ទំនងរកសុីជាមួយក្រុមហ៊ុនកូរ៉េខាងជើង ឬទិញទំនិញដែលពិភព លោកហាមប្រាមពីកូរ៉េខាងជើងផងដែរ។

ក្នុងពេលជាមួយគ្នានេះ ប្រទេសចំនួន២០រងការចោទប្រកាន់ថា បានជួយលាក់បាំង ដោយ ចុះបញ្ជីដល់នាវាដឹកទំនិញកូរ៉េខាងជើង ។ ទាំងនោះហើយ ជួយឲ្យនាវាដឹកទំនិញចេញ ចូលទឹកដីកូរ៉េខាងជើង ដោយ មិនមានការសង្ស័យ។

ការប្រកាសខាងលើ ក្នុងពេលដែល សហគមន៍អន្តរជាតិបង្កើនការគាំទ្រដល់ច្បាប់ដាក់ទណ្ឌកម្មកូរ៉េខាងជើង ក្នុងនោះ ក៏មានចិនផងដែរ បន្ទាប់ពីកូរ៉េខាងជើងសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីបមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានពីមុនមក ៕ ម៉ែវ សាធី


ចែករំលែក៖