ខេត្តកណ្ដាល៖ បុរសម្នាក់ទទួលរងរបួសធ្ងន់ និងស្ត្រី២នាក់ទទួលរងរបួសស្រាល ខណៈជិះម៉ូតូបុកគូថរយន្តពីក្រោយដែលចតលើចិញ្ចើមផ្លូវពុំដាក់ផ្លាកសញ្ញាជាសម្គាល់ពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៥និង២៥នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចចរាចរណ៍ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់មិនស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4822 មានអ្នករួមដំណើរ២នាក់ ភេទស្រី មិនស្គាល់អត្ដសញ្ញាណ (រងរបួសស្រាល) រីឯរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ សពាក់ស្លាកលេខភ្នំពេញ3B-7843 ម្ចាស់រថយន្ដពុំស្គាល់អត្ដសញ្ញាណ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង៣នាក់ខាងលើជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុក៏បានបុកគូថរថយន្ដពីក្រោយដែលចតទុកចោលលើចិញ្ចើមផ្លូវ ដោយពុំដាក់សញ្ញាអ្វីជាសម្គាល់នោះឡើយ ក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលបោកទៅនិងផ្លូវធ្វើឲ្យបុរសជាអ្នកឌុបរងរបួសធ្ងន់ ចំណែកឯអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល រីឯម្ចាស់រថយន្ដពុំទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកម្ចាស់រថយន្ដដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ