នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី១២ ខែធ្នូ(ម៉ោងក្នុងតំបន់)មានហេតុការណ៍ផ្ទុះស្ថានីយផ្ទុកឧស្ម័នហ្គាសធ្វើឲ្យគក្រើកតំបន់ Baumgartenភាគខាងកើតរដ្ឋធានី Vienna ប្រទេសអូទ្រិសបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨នាក់រងរបួស។ ហេតុការណ៍ផ្ទុះខាងលើធ្វើឲ្យបំពង់បង្ហូរឧស្ម័នហ្គាស នៅសមុទ្រភាគខាងជើង ត្រូវផ្អាកដោយមានសញ្ញាប្រេះបំពង់បង្ហូរ។
ប៉ូលិសអូទ្រិសបានបញ្ជាក់ថា ការផ្ទុះបណ្តាលឲ្យមានការឆាប់ឆេះយ៉ាងខ្លាំង ពិបាកក្នុងការគ្រប់គ្រង។ ក្រុមជួយសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ និងឧទ្ទម្ភាគច័ក្របានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ ជាមួយនឹងការខិតខំក្រុមពន្លិតអគ្គិភ័យក៏បានគ្រប់គ្រងស្ថានភាពឡើងវិញ។
ហេតុការណ៍ផ្ទុះខាងលើបានប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សាឧស្ម័នហ្គាស នៅអឺរ៉ុប ដោយសារតែប៉ះពាល់ដល់ប្រភព ផ្គត់ផ្គងយ៉ាងសំខាន់នៅក្នុងតំបន់ទាំងមូល ក្នុងពេលដែលពលរដ្ឋ ត្រូវការថាមពលឧស្ម័ន ដើម្បីដុតកម្តៅនៅរដូវរងា។
តម្លៃឧស្ម័នហ្គាស និងអគ្គិសនីកើនឡើងនៅអឺរ៉ុប ចំណែកតម្លៃប្រេងសាំងក៏កើនឡើងដូចគ្នា ជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥។ នៅក្នុងប្រទេសអង់គ្លេសកំពុងតែរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែបំពងបង្ហូរឧស្ម័ន ប្រេះស្រាំ ត្រូវផ្អាកដំណើរការធ្វើឲ្យតម្លៃកើនឡើងខ្ពស់បំផុត។
លោក Arne Bergvikអ្នកឯកទេសវិភាគរបស់ក្រុមហ៊ុន អគ្គិសនីស៊ុយអែត បានបញ្ជាក់ថា «នេះជាពេលវេលាអាក្រក់បំផុត សម្រាប់អឺរ៉ុប ក្រោយហេតុការណ៍ផ្ទុះកើតឡើងនៅទីតាំងធំបំផុតរបស់អឺរ៉ុប។ ឧស្ម័នហ្គាស មានសារៈសំខាន់យ៉ាងខ្លាំងនៅដូវរងានេះ ហើយការផ្ទុះធ្វើឲ្យផ្លាស់ប្តូរចំនួនឧស្ម័នស្តុបទុក ហើយប្រសិនបើអាកាសធាតុត្រជាក់ជាងនេះនោះ ឧស្ម័នហ្គាសនៅក្នុងស្តុបត្រូវអស់តម្លៃអគ្គិសនីក៏កើនឡើង។
បច្ចុប្បន្ន ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបកំពុងប្រឈមនឹងការធ្លាក់ព្រិលយ៉ាងក្រាស់ ក្នុងនោះមានប្រទេសអង់គ្លេសជាដើម។ ចរាចណ៍ ទាំងផ្លូវគោក និងផ្លូវអាកាស ត្រូវជាប់គាំង ដោយសារតែមានព្រិលធ្លាក់កម្រាស់ដល់ទៅ៣០សង់ទីម៉ែត្រ៕ ម៉ែវ សាធី