ក្រុមអ្នករត់ការឯកសារ ក្រុមហ៊ុន នាំចូលទំនិញ មួយចំនួន បានឲ្យដឹងថា នគរបាល អន្តោប្រវេសន៍ ក្រោមការគ្រប់គ្រង របស់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រព្រឹត្តអំពើពុករលួយ គួរឲ្យញាក់សាច់ តាមរយះការកោសរូស ឲ្យបង់លុយ តាមតែទំនើងចិត្ត បើទោះបីពួកគេ នាំចូលទំនិញស្របច្បាប់ មានឯកសារបង់ពន្ធ ជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុងទំនិញ ១កុងតឺន័រ ឬមួយរថយន្តតូច ឬធុនធំ ត្រូវតែចំណាយលុយ ជាច្រើនដុល្លារ ទើបអាចនាំទំនិញ ពីទឹកដីវៀតណាម ចូលទឹកដីខ្មែរ ដោយគ្មានការរំខាន។
អំពើពុករលួយ របស់លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិព្រែកចាក ខេត្តកំពត កំពុងប្រឈម នឹងការរិះគន់យ៉ាងខ្លាំង ហើយកំពុងតែ ធ្វើឲ្យប៉ះពាល់ ដល់របររកស៊ី របស់ក្រុមឈ្មួញ ដែលនាំចូលទំនិញ តាមច្រកនេះ ដោយត្រូវ ចំណាយលុយ លើតុ និងក្រោមតុ កាន់តែច្រើនឡើង។ សូម្បីតែពលរដ្ឋខ្មែរ ដែលឆ្លងដែន ចូលទៅពិនិត្យ និងព្យាបាលជំងឺ នៅប្រទេស វៀតណាម ក៏ប្រឈមនឹងការលំបាក ផងដែរ ព្រោះត្រូវមន្ត្រីក្រោមឱវាទ របស់លោក ជុំ ប៊ុណ្ណារ័ត្ន គាបយកលុយ ស្រេចតែអំពើចិត្ត។
ក្នុងចំណោម សមត្ថកិច្ច នៅច្រកទ្វារ អន្តរជាតិព្រែកចាក ដែលកំពុងល្បី ខាងប្រព្រឹត្តអំពើពុករលួយ ខ្លាំងបំផុត គឺនគរបាល អន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រី ស្នាក់ការច្រកទ្វារ ដែលគិតតែពីរឿង ប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែឈ្មួញ នាំចូលទំនិញវិយោគ តាមច្រកទ្វារ អន្តរជាតិព្រែកចាក ក៏ នគរបាល អន្តោប្រវេសន៍ តម្រូវឲ្យបង់លុយលើតុ លុយក្រោមតុ កាន់តែច្រើនឡើង រហូតបែកធ្លាយ រឿងអាស្រូវពុករលួយ ជាហូហែរ ព្រោះលោក ជុំ ប៊ុណ្ណារ័ត្ន ធ្លាប់ធ្វើជា ប្រធានក្រុម ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះប្រមូលលុយ នៅខេត្តកំពត រាប់សិបឆ្នាំ មកហើយ គាត់ស្គាល់មុខឈ្មួញ រកស៊ីដឹកទំនិញ ច្បាស់ដូចថ្ងៃរះ ពីទិសខាងកើត៕