ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូzoomerx បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកនឹងម៉ូតូម្ខាងទៀត មានស្លាប់ និងរបួស

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនមកកាន់មន្ទីរពេទ្យ ចំណែក២នាក់ទៀតរងរបួសស្រាល ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ zoomerx បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុក និងម៉ូតូម្ខាងទៀតកាលពីវេលាម៉ោង៧យប់ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិត ក្នុង ភូមិព្រៃទប់ សង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់កាសែតនគរវត្តថា មានម៉ូតូបង្កហេតុម៉ាក zoomerx ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1GQ 6488 បើកបរ ដោយឈ្មោះ ឃុត បូរ៉ា អាយុ ២៣ ឆ្នាំ មុខ របរ កម្មកររោងចក្រ មានទីលំនៅ ភូមិតាប៉ោ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ឈ្មោះ ថៃ មន្នី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅជាមួយគ្នា។

ចំណែកជនរងគ្រោះមាន ប្រាក់ យ៉ស អាយុ ៤៨ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ សាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ (២០១៤) ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១H 4124ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកzoomerxពណ៌ ក្រហមជិះគ្នា២នាក់ដោយធ្វើដំណើរពីលិចមកកើតលើផ្លូវជាតិលេខ១ ខណៈនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទៅបុកនិង ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ( ២០១៤) ពណ៌ ខ្មៅ បើកបរដោយបុរសម្នាក់ដែលបញ្ច្រាសគ្នាពេញទំហឺងលាន់សូរដូចរន្ទះបណ្ដាលឲ្យដួលរណូករណែលពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយបង្កហេតុអ្នកបើកម៉ូតូ zoomerx បានរត់គេចខ្លួនបន្សល់តែអ្នករួមដំណើរ និងម៉ូតូនៅនឹងកន្លែង។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចនគរបាលយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖