ភ្នំពេញ៖ ស្ត្រីមានគភ៌ម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកប្តីរងរបួសស្រាល ខណៈកំពុងឈប់ម៉ូតូនៅចិញ្ចើមផ្លូវ ហើយត្រូវយុវជនម្នាក់បើករថយន្តមកបុកនិងរុញផ្ទុប់បង្គោលភ្លើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធមួយគូ ជិះម៉ូតូម៉ាកអ៊ែប្លេក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ 3814 មកឈប់នៅលើចិញ្ចើមភ្លាមនោះ ស្រាប់តែមានរថយន្តម៉ាកឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD 1002 បើកបរដោយយុវជនម្នាក់ទំនងជាស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នងទិសដៅពីកើតទៅលិចហើយបានរេចង្កូតទៅបុកម៉ូតូពេញទំហឹងហើយរុញទៅផ្ទុប់នឹងបង្គោលភ្លើងបណ្តាលឲ្យស្ត្រីម្នាក់ដែលមានផ្ទៃពោះផងរងរបួសធ្ងន់ ចំណែកប្តីរងរបួសស្រាល រីឯម៉ូតូរងកាខូចខាតស្ទើរទាំងស្រុង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ចណុចកើតហេតុ និងសហកាជាមួយជំនាញចរាចរណ៍ជើងគោក រាជធានីវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ