ខេត្តបន្ទាយមានជ័យ៖ បើយោងតាមកាសែតថៃឲ្យដឹងថា យ៉ាងហោចណាស់មានពលករខ្មែរ៥នាក់ បានធ្វើដំណើរតាមរថយន្ត១គ្រឿង ចេញពីខេត្តស្រះកែវ ទៅកាន់ទីក្រុងបាងកក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យ៣នាក់ស្លាប់នៅកន្លែងកើតហេតុ ២នាក់ទៀតទទួលរងរបួសធ្ងន់ និងអ្នកបើកបររថយន្តជនជាតិថៃ ក៏រងរបួសធ្ងន់ផងដែរ ត្រូវបានរថយន្តពេទ្យដឹកបញ្ជូនយកទៅសង្រ្គោះនៅក្នុងមន្ទីរពេទ្យមួយក្នុងខេត្តស្រះកែវ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្ត ស្រុកវឌ្ឍនានគរ ខេត្តស្រះកែវ ប្រទេសថៃ។
គ្រោះថ្នាក់ចរាចរណ៍ត្រូវបានតម្រួតថៃអះអាងថា បង្កឡើងដោយខ្លួនឯង គឺរថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ដែលបើកបរដោយជនជាតិថៃបើកបរល្បឿនលឿន ជ្រុលធ្លាក់ផ្លូវបុកនឹងដើមឈើ ដែលគេសង្ស័យថា អាចបើកគេចពីការតាមចាប់របស់តម្រួតថៃ ដឹកពលករខ្មែរខុសច្បាប់។
ក្រុមតម្រួតថៃបានឲ្យដឹងថា អ្នកបើករថយន្តបើកបរ ល្បឿនលឿនបាត់បង់ភាពជាម្ចាស់ការ ហើយក៏បានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកគល់ឈើមួយដើមយ៉ាងពេញទំហឹងបណ្តាលឲ្យក្បាលរថយន្តរួញស្ទើរទាំងស្រុង ។
ភ្លាមៗនោះដែរ សមត្ថកិច្ចថៃបានចុះដល់ចំណុចកើតហេតុ ព្រមទាំងបានទាញយកសពជនរងគ្រោះ ទាំងសាកសព និងអ្នករងរបួស ដែលគាបជាប់ក្នុងរថយន្ត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។
បច្ចុប្បន្នសមត្ថកិច្ចថៃឲ្យដឹងថា ពលករខ្មែរដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ក៏កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះស្វែងរកសាច់ញាតិដើម្បីបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ៕ សំ វិច្ឆិកា