អាមេរិកកំពុងតែប្រឈមនឹងវិវាទផ្ទៃក្នុង នៅពេលដែលគោលនយោបាយការបរទេសមិនស៊ីសង្វាក់គ្នា។
នៅពេលនេះសេតវិមានបានប្រកាសច្រានចោលការប្រកាសរបស់រដ្ឋមន្ត្រីការបរទេស Rex Tillerson ដែលថា ទីក្រុងវ៉ាស៊ីនតោនពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ។
នៅថ្ងៃទី១៤ ខែធ្នូ សេតវិមានបានច្រាលចោលសំណើរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ស្តីពីការពិភាក្សាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងមិនពិភាក្សាជាមួយកូរ៉េខាងជើង ឡើយរហូតដល់ប្រទេសនេះ ព្រមផ្លាស់ប្តូរទស្សនៈរបស់ខ្លួនជុំវិញកម្មវិធីបរមាណូ និងមីស៊ីល។
អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានបញ្ជាក់ថា ទស្សនរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីបញ្ហាកូរ៉េខាងជើង គឺមិនមានការផ្លាស់ប្តូរឡើយ។ កូរ៉េខាងជើងកំពុងតែធ្វើសកម្មភាពមិនមានសុវត្ថិភាពឡើយដល់សម្ពន្ធមិត្តអាមេរិក គឺកូរ៉េខាងត្បូង ជប៉ុន និងពិភពលោកទាំងមូល។ មិនតែប៉ុណ្ណោះ សកម្មភាពរបស់កូរ៉េខាងជើង គឺបានបំផ្លាញខ្លួនឯងផ្ទាល់ទៅវិញ។
ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ NSC នៅសេតវិមានក៏បានបញ្ជាក់ផងដែរថា កិច្ចពិភាក្សាត្រូវរង់ចាំរហូតដល់កូរ៉េខាងជើង ព្រមកែប្រែគោលនយោបាយ និងឥរិយាបទរឹងទទឹងរបស់ខ្លួន ចំណែកគោលនយោបាយរបស់ប្រធានាធិបតី ត្រាំ ចំពោះកូរ៉េខាងជើង មិនផ្លាស់ប្តូរឡើយ។
ទស្សនៈផ្ទុយគ្នារបស់មន្ត្រីជាន់ខ្ពស់អាមេរិកបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលអាមេរិកមានការរង្គោះរង្កើមិនស៊ីចង្វាក់គ្នាឡើយ នៅក្នុងនយោបាយការបរទេស។
កន្លងមករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃទី១២ ខែធ្នូ បានប្រកាសថា អាមេរិកបានត្រៀមលក្ខណៈពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ នៅគ្រប់ពេលវេលា។ ការបញ្ជាក់ខាងលើរបស់លោក Tillerson នៅក្នុងវេទិកាមូលនិធិមហាសមុទ្រអាត្លង់តិច និងកូរ៉េខាងត្បូងកាលពីថ្ងៃទី១២ ខែធ្នូ។
ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនេះជាសកម្មភាពផ្ទុយស្រឡះពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោននាពេលកន្លងមក។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនតែងតែទាមទារឲ្យកូរ៉េខាងជើង យល់ព្រមបោះបង់កម្មវិធីបរមាណូ ទើបព្រមពិភាក្សា។ ការប្រែប្រួលខាងលើ បង្ហាញឲ្យឃើញថា គោលនយោបាយការបរទេសរបស់អាមេរិក បានផ្លាស់ប្តូរទាំងស្រុង ពាក់ព័ន្ធនឹងកម្មវិធីបរមាណូកូរ៉េខាងជើង នៅពេលដែលទីក្រុងព្យុងយ៉ាង «ស៊ូស្លាប់មិនបោះបង់»។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ ហើយនៅទីណាក៏បានដែរ ឲ្យតែកូរ៉េខាងជើងចង់។ ប៉ុន្តែកូរ៉េខាងជើង ត្រូវតែមានជម្រើសនៅក្នុងកម្មវិធីមីស៊ីល និងបរមាណូរបស់ខ្លួន៕ ម៉ែវ សាធី