នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត SEA Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតអន្តរជាតិកន្លងទៅថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសប្បាយរីករាយ និងអបអរសាទរចំពោះជ័យលាភីកីឡាករកីឡាការីនីចំនួន ២១១ នាក់ដែលទទួលបានមេដាយមាស មេដាយប្រាក់ និងមេដៃសំរិទ្ឋ។ សម្តេចតេជោ បានកោតសរសើរ និងអគុណចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ និងការខិតខំរបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធកីឡា គ្រូបង្វឹកទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡាជាតិអោយកាន់តែរីកចម្រើន។
នៅក្នុងថ្ងៃនេះ គឺសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតបានផ្តល់ថវិកាផ្ទាល់ខ្លួនឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនីជ័យលាភី និងគ្រូបង្វឹកចំនួន $109,000 បន្ថែមទៅលើថវិការាជរដ្ឋាភិបាលដែលបានចំណាយប្រមាណ ១២ពាន់៥០០លានរៀល។ នេះគឺជាការលើកទឹកចិត្តយ៉ាងខ្លាំងដល់កីឡាករកីឡាការិនីអោយខិតខំប្រឹងប្រែងខ្លាំងឡើងថែមទៀត។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានណែនាំ និងលើកទឹកចិត្តក្មួយៗកីឡាករអោយមានភាពថ្លៃថ្នូរស្អាតស្អំ កុំធ្វើដើម្បីតែប្រាក់មួយមុខ។ ព្រោះនេះជាកិត្តិយសរបស់កីឡាករផ្ទាល់ខ្លួនផង និងជាកិត្តិយសរបស់ជាតិផង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសដល់កីឡាករកីឡាការីនីដែលទទួលបានមេដាយខាងលើ និងបានជូនពរកូនក្មួយៗកីឡាករកីឡាការិនីទាំងអស់ទទួលបានជោគជ័យថ្មីៗថែមទៀត ជាពិសេសនៅក្នុងការប្រកួតកីឡា SEA Games នៅកម្ពុជាក្នុងឆ្នាំ ២០២៣ ខាងមុខ។ ពិធីនេះបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែង៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ