ព័ត៌មានទាន់ហេតុការណ៍៖

ឮឆ្កែព្រុះដែរមិនចាប់អារម្មណ៍លុះភ្លឺឡើងបាត់ម៉ូតូ ១គ្រឿង និងសត្វឆ្កែ ១ក្បាល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ទៀតហើយៗក្រុងពោធិ៍សាត់កាលពីរំលងអធ្រាត្រឈាចូលថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃមុននេះ នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុមចោរដាក់ថ្នាំងាប់អស់សត្វឆ្កែ,ឆ្មា និងមាន លួចសត្វគោញីឈ្មោលអស់ ១ក្រោល(៧ក្បាល) ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បានទាំងរថយន្ត និងព្រូម្នាក់បន្តនីតិវិធី ចំណែកសត្វគោទាំងអស់បានប្រគល់ជូនម្ចាស់វិញ ឥឡូវបានដាក់ថ្នាំបំពុលសត្វឆ្កែយកអស់ម៉ូតូ ១គ្រឿងទៀតហើយ នៅក្រុងពោធិ៍សាត់ដដែល។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលនាព្រឹកព្រលឹមថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់កំពុងសាងសង់ក្រោមផ្ទះឈ្មោះ ឈឹម ចាន់ថា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថាបើតាមការរាបរបពីម្ចាស់លំនៅដ្ឋាន ម៉ូតូដែលត្រូវក្រុមចោរធ្វើសកម្មភាពលួចយកទៅបាត់នោះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 7723 ហើយម៉ូតូនេះគាត់បានដាក់ក្នុងបន្ទប់ដែលកំពុងសាងសង់ក្រោមផ្ទះទ្វារដាក់កន្លឹះ ប៉ុន្តែមិនទាន់មានបង្អួចនៅឡើយនោះទេ។

ប្រភពព័ត៌មានខាងលើបន្តថា ហេតុការណ៍នេះក្រុមចោរអាចធ្វើសកម្មភាពក្នុងចន្លោះម៉ោង១ទៅម៉ោង២រំលងអធ្រាត្រ ព្រោះនៅម៉ោងខាងលើឮសម្លេងសត្វឆ្កែព្រុះដែរ តែមិនចាប់អារម្មណ៍ លុះព្រឹកព្រលឹមឡើងឃើញសត្វឆ្កែដូចជាពុលថ្នាំរួចបោលទៅបាត់ និងបាត់ម៉ូតូពីបន្ទប់ បន្សល់នូវសាច់សង្ស័យប្រឡាក់ថ្នាំពុលច្រើនដុំជុំវិញផ្ទះប្រមូលបាន ១ស្បោង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ករណីខាងលើមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យស្រាវជ្រាវ ដើម្បីចាប់យកវត្ថុតាងនានា និងកំណាត់មុខសញ្ញា ប៉ុន្តែទោសជាយ៉ាងណាក្តីនេះ ក៏ជាការធ្វេសប្រហេះពីម្ចាស់ទ្រព្យផងដែរ ខណៈដែលផ្ទះកំពុងសាងសង់នៅឡើយ ហើយឮសម្លេងសត្វឆ្កែព្រុះទាន់ពេលវេលាដែរបែរជាខ្វះកិច្ចសហការជាមួយសមត្ថកិច្ច។

គួររំលឹកថា៖ មួយរយៈកន្លងមកនេះនៅក្រុងពោធិ៍សាត់ មានចោរកម្មដូចជាលួចប្លន់ច្រើនករណីគួរឲ្យកត់សំគាល់៕ ប៉ឹម ពិន


ចែករំលែក៖