ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលួចម៉ូតូនៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគីរី ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតឺន ស្រុកកូនមុំ ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យកំពុងជិះម៉ូតូតាមផ្លូវលេខ៧៨ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបាន លួចម៉ូតូ ១គ្រឿងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។

នៅចំណុចខាងត្បូងផ្សារបានលុងស្ថិតភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរីដែលម៉ូតូនេះគេចតទុកនៅទីនោះ។

ប្រភពបន្តថា ជនសង្ស័យឃាត់ខ្លួនបាននោះឈ្មោះ វែង មាន ហៅ វែង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិណង់ហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនា​គារ) មុខរបរ កសិករ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចនគរបាលស្រុកកូនមុំ បានបញ្ជូនជនសង្ស័យមកអធិការដ្ឋានក្រុងបានលុងក្រោមការសម្របសម្រួលពី លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ដកហូតបានម៉ូតូ១គ្រឿងម៉ាក់វ៉េវ ពណ៌ក្រហម លេខតួ ០៧៥១២៤ លេខម៉ាសុីន ០៧៤៩៧៩ គ្មានស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលក្រុងបានលុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕ សហការី


ចែករំលែក៖