ភ្នំពេញ ៖ រថយន្តធុនធំយីឌុបដឹកទំនិញ ១គ្រឿង បានដាច់ហ្វ្រាំងជ្រុលចង្កូតបុកទម្លុះចូល ដេប៉ូឈើ ១កន្លែង ទាំងកម្រោល បណ្តាលឲ្យក្រឡាប់រថយន្តសង្កត់បុរសម្នាក់ស្លាប់យ៉ាងរន្ធត់ជាប់ក្រោមរថយន្តជាង ៥ម៉ោង ទើបយកសពចេញបាន និងមនុស្ស ៣នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ស្ថិតនៅចំណុចរង្វង់មូលព្រែកថ្មី ក្នុងភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសម្តីកូនស្រីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ឪពុកដែលស្លាប់ជាប់ក្រោមរថយន្តជាង ៥ម៉ោង នោះ មានឈ្មោះ ហ៊ន ហ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំ ថ្ងៃឡើងធ្វើជាអ្នកបើកឡានដឹកសិស្សសាលា យប់ឡើងមកយាមដេប៉ូឈើឲ្យគេនៅចំណុចកើតហេតុ ដោយមានកូនក្នុងបន្ទុកចំនួន ៦នាក់ ពិការម្នាក់នៅផ្ទះ និងមានកូនស្រីជិតរៀបការផងដែរ រស់នៅក្នុងជីវភាពក្រលំបាក ដោយនៅជាមួយនិងបងស្រីនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ចំណែកមនុស្ស ៣នាក់ទៀត ក្នុងនោះ មានអ្នកបើករថយន្តម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តយីឌុបធុនធំ ១គ្រឿង ប្រភេទដឹកទំនិញរាប់តោនគរស្ទើរតែដូចភ្នំ បើកតាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ស្រាប់តែដាច់ហ្វ្រាំងជាហេតុធ្វើឲ្យជ្រុលចង្កូតបុកទម្លុះចូលក្នុងដេប៉ូឈើខាងលើទាំងកម្រោល ទៅសង្កត់លើរថយន្តកូរ៉េ ១គ្រឿង ដែលនៅក្នុងដេប៉ូនោះ កៀបសង្កត់បុរសម្នាក់ ដែលជាអ្នកដេកយាមដេប៉ូខាងលើ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់យកចេញមិនរួច អស់រយៈពេលជាង ៥ម៉ោងក្រោយកើតហេតុ ទើបអាចគាស់យកសពជនរងគ្រោះចេញមកខាងក្រៅបាន និងបានបណ្តាលឲ្យមនុស្ស ៣នាក់ទៀត ក្នុងនោះ មានម្នាក់ជាអ្នកបើកបររថយន្តបង្ក បានរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រួមនិងបណ្តាលឲ្យខូចខាតទ្វារ រួមទាំងសម្ភារមួយចំនួនទៀតផងដែរ។
បន្ទាប់ពីកើតហេតុភ្លាមៗ គេឃើញមានរថយន្តកូរ៉េ ចំនួន ២គ្រឿង បានមកជញ្ជូនសេងអីវ៉ាន់ ដើម្បីស្ទូចរថយន្តបង្កនេះចេញ តែអស់រយៈពេលជាង ៥ម៉ោង ទៅ ៦ម៉ោង នៅមិនទាន់ជញ្ជូនអស់នៅឡើយទេ។
ក្រោយមក សមត្ថកិច្ចជំនាញបានចុះមកវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា