ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសធ្ងន់ បែកឈាមសន្លប់ស្ដូកស្ដឹង និងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាលាន់សូរដូចរន្ទះ ខណៈមេឃកំពុងភ្លៀងកាលពីវេលាម៉ោង៦ប្រលប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងប្រាប់នគរវត្តថា ភាគីម៉ូតូបង្កហេតុបើកបរដោយឈ្មោះលាក់ សានី ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ និស្សិត រស់នៅភូមិ ធ្មល់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៦៥៩១ ខូចខាតយ៉ាងដំណំ។
ចំណែកភាគីរងគ្រោះមិនត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ ដោយត្រូវបានសមត្ថកិច្ចដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ។
តាមសាក្សីបានប្រាប់ថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៦៥៩១ធ្វើដំណើរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ដោយមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ អ្នកបើកបរដោយបុរសម្នាក់ដែលជិះពីលិចទៅកើត បញ្ច្រាសគ្នាពេញទំហឺងបណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល ខណៈមេឃកំពុងភ្លៀងហើយរាយការណ៍មកសមត្ថកិច្ចមកអន្តរាគមន៍ភ្លាមៗ និងយកភាគីទាំងសងខាងមកកាន់មន្ទីរពេទ្យព្រមទាំងវាស់វែង និងយកមធ្យោបាយម៉ូតូទាំង២គ្រឿងមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ។
សមត្ថកិច្ចនគរបាលបញ្ជាក់ទៀតថា មូលហេតុ ដោយសារតែម៉ូតូម៉ាកសេ ១២៥ បើកបរមិនប្រកាន់ស្ដាំ ទើបជួបករណីខាងលើនេះកើតឡើង៕ យឹម សុថាន