ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមនុស្សគវាយកូនស្រីក៏សងសឹក២ព្រនង់ចំកញ្ចឹងកដួលស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរសមិនគ្រប់លក្ខណៈ(គថ្លង់)ម្នាក់ត្រូវបានជនសង្ស័យជាមនុស្ស ពេញលក្ខណៈវាយ២ព្រនង់ចំកញ្ចឹងកនិងកែងដៃបណ្ដាលឲ្យដួលស្លាប់ភ្លាមនៅកន្លែង កើតហេតុ។ ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែង ។

មន្ត្រីនគរបាលស្រុកពារាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ គៀន អាយុ ៣១ឆ្នាំ ជាមនុស្សគរស់នៅភូមិ-ឃុំកើត ហេតុខាងលើ។ ចំណែកជនសង្ស័យត្រូវ បានគេស្គាល់ឈ្មោះ យៀប ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យបានយកព្រនង់ឈើប្រវែង ០,៨០ម៉ែត្រវាយខាងក្រោយចំកញ្ចឹងក មួយព្រនង់ និងចំកែងដៃឆ្វេងមួយព្រនង់ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋជិតខាង ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបង្ករឿងទំនាស់ជាមួយ ជនសង្ស័យយ៉ាងខ្លាំងទើបបង្កឲ្យកើតមានអំពើឃាតកម្មនេះហើយជនដៃដល់បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។

លោក ថេង ប៊ុនឡេង នាយប៉ុស្តិ៍នគរ បាលរដ្ឋបាលកំពង់ពពិលបានឲ្យដឹងថា ជន សង្ស័យមានមុខងារជាអនុភូមិកើតហេតុ និងជាក្រុមប្រឹក្សាឃុំលេខរៀងទី៨ដែល មានទីលំនៅភូមិតាំងរលាង ឃុំកំពង់ពពិល ស្រុពារាំង ខេត្តព្រៃវែង ។

លោកនាយប៉ុស្តិ៍បានបន្តថា មូលហេតុដែលបណ្ដាលឲ្យមានករណីហិង្សាឈានដល់ឃាតកម្មបែបនេះគឺនៅមុនពេលកើតហេតុជនងគ្រោះជាមនុស្សគថ្លង់បានវាយកូនស្រីរបស់ជនសង្ស័យបណ្ដាលឲ្យមាន របួសស្នាមនៅពេលដែលជនសង្ស័យដឹង ក៏យកព្រនង់ដេញវាយជនរងគ្រោះរហូត ដល់ស្លាប់បែបនេះទៅ ។

សមត្ថកិច្ចធ្វើកោសល្យវិច័យបានរកឃើញថា ជនរងគ្រោះមានស្នាមចំកញ្ចឹងក ហើយបាក់ដៃឆ្វេងបណ្ដាលឲ្យស្លាប់នៅ នឹងកន្លែង ។

ក្រោយពិនិត្យសាកសពជនរងគ្រោះរួចរាល់សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតាមចាប់ ខណៈ វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖