ភ្នំពេញ៖ តាមគ្រោងលោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងចូលបំភ្លឺចំពោះមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នេះ ជុំវិញបណ្តឹងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថ។
ក្នុងលិខិតអញ្ជើញរបស់ លោក សៀង សុខ បានកំណត់ឱ្យ លោក វង្ស ភក្តី ចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង៩៖០០នាទីព្រឹក នៅជាន់ទី២ បន្ទប់ «ប»។ ទន្ទឹមគ្នានឹងការកោះហៅមេធាវីដើមបណ្តឹងនេះ លោក សៀង សុខ ក៏បានចេញដីកាកោះហៅទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនាមជនសង្ស័យ ផងដែរ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ លោក វង្ស ភក្តី មេធាវីតំណាងដោយអាណត្តិរបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំ ស្របច្បាប់ ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។
នៅក្នុងពាក្យបណ្តឹងបានរៀបរាប់ថា “នៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៧នេះ ឈ្មោះ សម រង្ស៊ី បានញុះញង់ឱ្យកងកម្លាំងកុំឱ្យស្តាប់បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងបានប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ព្រមទាំងធ្វើឱ្យខូចទឹកចិត្តកងទ័ព ដែលអំពើនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត”
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យកងទ័ពបង្វែរកាណុងមកលើ រាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕ ចេស្តា