ព័ត៌មានទាន់ហេតុការណ៍៖

នាំក្រុមចោរប្លន់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង៧នាក់​ មកកាត់ទោស

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែងចំនួន៧នាក់​ នៅព្រឹកថ្ងៃចន្ទ ១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧​ ត្រូវបាននាំមកសាលាដំបូងខេត្តកណ្តាល​ ដើម្បីជំនុំជម្រះ។

សវនាការនេះដឹកនាំដោយលោក​ សាយ សម្ផស្សសេរី​ ជាប្រធានក្រុុមប្រឹក្សាជំនុំ​ជម្រះ​ លោក​ ងួន​ វុទ្ធី​ លោក​ ទី​ សំណាង​ ជាសមាជិកក្រុមប្រឹក្សា​ និង​ លោកស្រី​ ស៊ូ​ សុជាតា​ ជាតំណាងអយ្យការ​ ។

ពួកគេទាំង៧នាក់​ ត្រូវបានចោទប្រកាន់ពីបទ”លួច មាន ស្ថាន ទម្ងន់ ទោស ដោយសារ ការ ប្រព្រឹត្ត ហិង្សា “​ តាម មាត្រា ៣៥៣ និង មាត្រា៣៥៧ នៃ ក្រម ព្រហ្មទណ្ឌ ។ បទល្មើស នេះ កំណត់ ការ ផ្តន្ទា ទោស ដាក់ ពន្ធនាគារ ចន្លោះ ពី ៣ឆ្នាំ ទៅ ១០ឆ្នាំ​ ។

សូមរំលឹកថា: ក្រុមចោរប្លន់ និងឆក់យ៉ាងកក្រើកនៅរាជធានីភ្នំពេញ ខេតកណ្តាល និងខេត្តព្រៃវែង ចំនួន៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនលើកនោះ ត្រូវបានកម្លាំងកងអាវុធហត្ថខេត្តកណ្តាល សហ ការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងអាវុធហត្ថខេត្តព្រៃវែង តាមស្រាវជ្រាវរហូតបង្ក្រាបបានជាបន្តបន្ទាប់ហើយ។

ក្រោយតាមបង្ក្រាបបានក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមចោរទាំង៧នាក់ ត្រូវបានយកមកបង្ហាញមុខជាសាធារណៈ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧​ ដឹកនាំដោយលោក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀត ផងដែរ។ បើតាមលោកមេបញ្ជាការរង ប្រតិបត្តិការនេះត្រូវបានធ្វើឡើង តាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកណ្តាល ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោក ទូច អ៊ីណាន បានឲ្យដឹងថា ជំហ៊ានដំបូងកម្លាំងជំនាញបង្ក្រាបបានក្រុមបក្ខពួក០៥នាក់ នៅវេលាម៉ោង២១៖៤០ នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅ ចំណុចដងផ្លូវជាតិ៨A ក្នុងភូមិតាំងឬស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន បានចំនួន៥នាក់ ទី១៖ ឈ្មោះ ស៊ាន សឿន ហៅម៉ាប់ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយទោ ឃុំជាយកំពក ស្រុកព្រះស្តេច, ទី២៖ឈ្មោះ សួន ភស្ត័ ហៅ ឌុក អាយុ១៨ឆ្នាំ រស់នៅភូមិរកាជួង ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច, ទី៣៖ឈ្មោះ នូ វ៉ាត អាយុ១៩ឆ្នាំ រស់នៅភូមិកាកេត ឃុំព្រះស្តេច ស្រុកព្រះស្តេច, ទី៤៖ឈ្មោះ វ៉េង សុខម៉េង អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ និងទី៥៖ឈ្មោះ តក់ ភក្ត្រា អាយុ១៧ឆ្នាំ រស់នៅភូមិពញ្ញាលៀង ឃុំអង្គររាជ ស្រុកព្រះសេ្តច។ ដោយក្នុងនោះ ដកហូតម៉ូតូ០២គ្រឿង ម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FK-7083 និងមួយគ្រឿងទៀត ម៉ាក Nix ពាក់ស្លាកលេខព្រៃវែង 1K-3622 ដាវដែក១ដើម ទូរស័ព្ទ០៣គ្រឿង និងសំលៀកបំពាក់សម្រាប់ធ្វើសកម្មភាពក្លែងភេទ។

បើតាមលោកមេបញ្ជាការរង ក្រោយពីសាកសួរ លុះដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ជំនាញបន្តទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅចំណុច អាងទឹកស្តាតអូឡាំពិច (ភ្នំពេញ) និងស្រុកកៀនស្វាយ ដោយទី១៖ឈ្មោះ ស្រេង សាឡេន អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ផាន សំណាង អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ស៊ាត ពិសី អាយុ២២ឆ្នាំ (ឃាត់ខ្លួននៅស្រុកកៀនស្វាយ) ក្នុងនោះ ដកហូតបាន ម៉ូតូចំនួន៤គ្រឿង ម៉ាក Today ពាក់ស្លាកលេខភ្នំពេញ1CK-0477, ម៉ាក Nix ស្លាកលេខកណ្តាល1P-4494, ម៉ាក Honda Dream ពាក់ស្លាកលេខកំពង់ឆ្នាំង1F-0759, ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ 1FS-2515 និងបន្តទៅ ដកហូតម៉ូតូ២គ្រឿងទៀត នៅហាងបញ្ចាំឃ្លាំងរំសេវដែលជារបស់មិត្តភ័ក្រជនល្មើស។

យ៉ាងណាមិញ ចំពោះបក្ខពួកក្រុមចោរប្លន់ចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចសួរនាំរួចឃើញថា មិនមានជាប់ពាក់ព័ន្ធជាមួយសកម្មប្លន់នោះទេ ដោយគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាប៉ុណ្ណោះ ហើយត្រូវបានព្រះរាជអាជ្ញាសម្រេចដោះលែងឲ្យមានសេរីភាពវិញផងដែរ។

លោក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរង គ្រោះជាច្រើននាក់ ដែលរងគ្រោះដោយសារក្រុមទាំងនេះ ធ្វើសកម្មភាពវាយប្លន់។ កម្លាំងអាវុធហត្ថក៏បានប្រគល់ម៉ូតូ និងទ្រព្យសម្បត្តិជូនជនរងគ្រោះផងដែរ៕ ឆ ដា

 

 


ចែករំលែក៖