ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃចូលរោងការទៅហើយ អនាគតស្វាមីត្រូវចរន្តអគ្គិសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ ខណៈជិតចូលរោងការ ផ្សាដំបូលផ្ទះឲ្យគេចៃដន្យអាក្រក់លើកដែកបង្កងទៅប៉ះខ្សែ កាបអគ្គីសនី ខ្សែស្រាតឆក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង២៥នាទីរសៀល ស្ថិតនៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យកាសែតនគរវត្តដឹងថា ជនរងគ្រោះឈ្មោះ ងិន វាសនា អាយុ៣០ឆ្នាំ មុខរបរ ជាង ផ្សាដែក មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ប្រភពដដែលបន្តទៀតថា មុនពេលកើតហេតុ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ យុវជនខាងលើបានទទួលម៉ៅការ ផ្សាដំបូលផ្ទះ ឲ្យម្ចាស់ផ្ទះនៅភូមិកើតហេតុខាងលើ ហើយបានផ្សាផ្ទោងរួចនៅថ្ងៃកើតហេតុគឺចាប់ផ្តើម ផ្សាបង្កង ខណៈនោះពីរនាក់កូនជាង បានឡើងលើដំបូល ដោយឲ្យម្ចាស់ផ្ទះជួយហុចដែកបង្កងឲ្យ ផ្ចាស់ផ្ទះបានយកដែកធ្វើបង្កងដាក់បញ្ឈរផ្អែក និងជញ្ជាំងផ្ទះ ជនរងគ្រោះបានលើកដែកបង្កងឡើងលើដំបូលដើម្បីផ្សា ស្រាប់តែ លើកដែកបង្កងទៅប៉ះ ខ្សែ កាបអគ្គីសនី ខ្សែស្រាតនៅចំពីលើដំបូលកម្ពស់ ប្រមាណជាង២ម៉ែត្រ ក៏ឆក់ខ្ទាតផ្កាភ្លើងខ្ទាតជនរងគ្រោះធ្លាក់ពីលើដំបូលផ្ទះកម្ពស់០៥ម៉ែត្រមកទើលើគ្រែ ស្លាប់ភ្លាមៗ ក៏ប៉ុន្តែ ម្ចាស់ផ្ទះមិនអស់ចិត្តបានយកជនរងគ្រោះកប់ក្នុងដីខ្សាច់ ជិតមួយម៉ោង ទើបដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដើម្បីសង្គ្រោះក៏ប៉ុន្តែក្រុមគ្រូពេទ្យបានពិនិត្យហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ។

ប្រភពបន្តថា ចំណែក នាងជាគូដណ្តឹង ឈ្មោះ ញាន សុខពិសី អាយុ២៧ឆ្នាំ មានទីលំនៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានរៀបរាប់ទាំងទឹកភ្នែកថា នាងបានភ្ជាប់ពាក្យ ជាមួយ អនាគតស្វាមីដែលជាជនរងគ្រោះ តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៧ ហើយមានគម្រោង រៀបអាពាហ៌ពិពាហ៌ នៅថ្ងៃ ទី០៤ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានរៀបចំធ្វើច្បាប់រៀបអាពាហ៌ពិពាហ៌រួចហើយ និងបាន កក់ភ្នួងភ្លេងខ្មែរ អកកេះនិងកំពុងត្រៀមបោះសំបុត្រអញ្ជើញភ្ញៀវទៅហើយ មិនគួរអកុសល អនាគតស្វាមីជួបគ្រោះធំ ឆក់ខ្សែភ្លើងស្លាប់ចោលរូបនាងដូច្នេះឡើយ។

ក្រោយពីពិនិត្យ សពរួចសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖