ព័ត៌មានទាន់ហេតុការណ៍៖

យុវ​សិស្ស​២នាក់ជិះម៉ូតូល្បឿនលឿន ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់បណ្តាលឲ្យ ធ្លាក់ផ្លូវដួលបាក់កស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវ​ជាតិ​លេខ៣

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃសៅរ៍ ១៣ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវ​ជាតិ​លេខ៣ ចន្លោះ​គីឡូម៉ែត្រ ១៨៨-១៨៩ ស្ថិតនៅ​ក្នុងភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ ជនរងគ្រោះទាំង២នាក់ត្រូវបានគេស្គាល់ថា ជា​យុវ​សិស្ស​នៃ​វិទ្យា​ល័យ​វាលរេញ​ ។

តាមប្រភពមន្ត្រីប៉ូលីសបានឲ្យដឹងថា៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះបង្កដោយ​ខ្លួនឯង ជនរងគ្រោះទាំង២នាក់ជិះម៉ូតូ​ម៉ាក HONDA ZOOMER ពណ៌ ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សាន់ វ៉ាន់ឌី ភេទ ប្រុស អាយុ ១៤ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ម្នាក់ មាន​ទិសដៅ​ពី​ខេត្តកំពត ឆ្ពោះ​មក វាលរេញ លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​កោង ក៏បាន​រ៉េ​ចង្កូត​ធ្លាក់​ជាយ​ផ្លូវ​តែម្ដង។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ ៖ ១-ឈ្មោះ សាន់ វ៉ាន់ឌី អ្នកបើកបរ​ម៉ូតូ មុខរបរ​សិស្ស​ថ្នាក់​ទី១១-Dវិទ្យាល័យ​ហ៊ុន សែន​ចាល​រេញ មាន​ទីលំនៅ​ភូមិ​សំរុង​ក្រោម​ឃុំ​សំរុង​ស្រុក​ព្រៃនប់( ស្លាប់)ក្រោយ​បញ្ជូនមក​សង្គ្រោះ​គ្លីនិក​ឯកជន​វាលរេញ ២អ្នករួមដំណើរ​លើ​ម៉ូតូ មិន​ស្គាល់​អត្តសញ្ញាណ រងរបួស​ស្រាល។

សព​យុវជន​រងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ឆ្លាម សមុទ្រ


ចែករំលែក៖