ភ្នំពេញ៖ បារាំង មានបំណងបង្កើតការិយាល័យតំណាងសម្រាប់តំបន់អាស៊ី អាគ្នេយ៍នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងទីក្រុងភ្នំពេញនិងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង សម្រាប់សមាគមអភិបាលនិយាយភាសាបារាំង។
នេះតាមការថ្លែងឲ្យដឹងក្នុងជំនួបពិភាក្សាការងារវាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកព្យែ បៃយេ(pierre Baillet ) លេខាអចិន្ត្រៃយ៍ សមាគមអភិបាលនិយាយភាសាបារាំង កាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៧ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកម៉េត មាសភក្តីបានប្រាប់ក្រោយជំនួបថា៖ លោកព្យែ បៃយេ លេខាអចិន្ត្រៃយ៍ សមាគមអភិបាលនិយាយភាសាបារាំងបានស្នើសុំអភិបាលរាជធានីភ្នំពេញក្នុងការបង្កើតជាការិយាល័យតំណាងសម្រាប់អាស៊ី អាគ្នេយ៍នៅក្នុងទីក្រុងភ្នំពេញ លោកបន្ថែមថា៖ ការបង្កើតឲ្យមានការិយាល័យនៅក្នុងទីក្រុងនេះ ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តការនិងបង្កលទ្ធភាពកាន់តែងាយស្រួលសម្រាប់ការងារទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងទីក្រុងភ្នំពេញនិងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្វាគមន៍និងផ្តល់ជូនកិច្ចសហប្រតិបត្តការក៏ដូចជាការបង្កលទ្ធភាពគ្រប់បែបយ៉ាងចំពោះសំណើរខាងលើនេះ។អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បានស្នើឲ្យភាគីបារាំងបើកកិច្ចប្រជុំ AIMF នៅទីក្រុងភ្នំពេញផងដែរដោយសារតែប្រទេសកម្ពុជាមិនបានបើកកិច្ចប្រជុំនេះជាច្រើនឆ្នាំមកហើយ។
លោកឃួង ស្រេង ក៏បានថា ៖ រាជធានីភ្នំពេញគឺជាទីក្រុងអាស៊ីតែមួយគត់ ដែលបានចូលជាសមាជិកគណកម្មការអចិន្រ្តៃយ៍របស់សមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងដែលប្រើប្រាស់ភាសាបារាំង ហៅកាត់ថា AIMF តាំងពីឆ្នាំ១៩៩០៕ សំរិត