ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវក្រុមជនសង្ស័យជិះរថយន្តបាញ់ប្រហារពីក្រោយស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់​ធ្វើដំណើរដោយម៉ូតូម៉ាកឌុកមួយគ្រឿង មកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏មានក្រុមជនសង្ស័យ តាមពីក្រោយដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក​ ដកកាំភ្លើងបាញ់ប្រហារចំកណ្តាលក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយក្រុមជនសង្ស័យជាខ្មាន់កាំភ្លើងបានបើកឡានរត់គេចខ្លួនដោយសុវត្ថិភាព។

ការបាញ់ប្រហារនេះ មិនទាន់ដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះឡើយ បើថាជាករណីប្លន់ម៉ូតូ ក៏មិនមែន ខណៈម៉ូតូជនរងគ្រោះមិនបានបាត់បង់ឡើយ។ តែយ៉ាងណាក៏ដោយ មានតែសមត្ថកិច្ចអាជ្ញាធរប៉ុណ្ណោះដែលមានសមត្ថភាពបកស្រាយអាថ៌កំបាំងដ៏ស៊ីជម្រៅមួយនេះ។

ករណីនេះបានកើតឡើងនៅវេលារំលងអធ្រាត្រ ម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនុបទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ(ព្រំប្រទល់សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ)។

សាច់ញាតិយុវជនរងគ្រោះបានយំសោកបោកប្រាណស្តាយស្រណោះមិនគួរណាករណីនេះធ្លាក់មកលើក្រុមគ្រួសាររបស់ខ្លួនឡើយ ដោយហេតុថា មនុស្សកំពុងតែស្រឡាញ់ ស្រាប់តែព្រាត់ប្រាស់និរាសតែមួយពព្រិចភ្នែកយ៉ាងដូច្នេះសោះ និងបានដង្ហោយសុំរកយុត្តិធម៌ពីសំណាក់សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធជួយវែកមុខក្រុមជនសង្ស័យប្រើប្រាស់កាំភ្លើងបាញ់សម្លាប់មនុស្សដោយគ្មានញញើតដៃដូច្នេះ ខណៈដែលប្រទេសមានច្បាប់ មានសន្តិសុខពេញលេញនោះ៕ ជីមភារ៉ា


ចែករំលែក៖